សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋបង្កេីនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា ជាពិសេស នៅក្នុងស្ថានភាពដ៏លំបាកនេះ។ សម្តេចតេជោ ថ្លែងលើបណ្តាញសង្គមរបស់សម្តេចមុននេះ។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ផ្សារទំនើបអ៊ីអន១, សណ្ឋាគារភ្នំពេញ និងសាលាឯកជនអន្តរទ្វីបអាមេរិកកាំងនៅចាក់អង្រែ។ ករណីឆ្លងថ្មីនេះអាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង។
ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត។
សម្តេចថ្លែងបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង។ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន នឹងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ នឹងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។