លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីសកម្ម និងបុរេសកម្ម ក្នុងការផ្សារភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយនឹងការអភិវឌ្ឍស្តង់ដារជាតិ ដើម្បីជំរុញកំណើនផលិតកម្ម និងការនាំចេញ។
នៅក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប ថ្មីៗនេះលោក ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់នៃការគាំទ្រ និងការកៀគរការចូលរួមពីវិស័យឯកជន ដើម្បីកំណត់សក្តានុពលផលិតកម្មនៅក្នុងខេត្តនីមួយៗ និងរៀបចំបង្កើតស្តង់ដារជាតិពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត។
លោកក៏បាន ចែករំលែកអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួង និងមន្ទីរនៅទូទាំងប្រទេសសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ លោក បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍស្តង់ដារជាតិមានសារៈសំខាន់ ខណៈដែលអាស៊ាននឹងចាប់ផ្តើមអនុវត្ត “ស្តង់ដារសុខដុមនីយកម្មអាស៊ាន” នៅឆ្នាំ២០២៥។ ផលិតផលដែលអនុលោមតាមស្តង់ដារទាំងនេះ នឹងមានលំហូរកាន់តែសេរីនៅក្នុងតំបន់ ប៉ុន្តែផលិតផលដែលមិនអនុលោមតាមស្តង់ដារនឹងប្រឈមការលំបាកកាន់តែខ្លាំងក្នុងការប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារតំបន់។
លោកក៏បានលើកឡើងពីបច្ច័យរំពឹងទុកនៃការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់ថា ស្តង់ដារជាតិនឹងមានតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។
លោក បានណែនាំឱ្យមន្ទីរទាំងបួន ជំរុញចលនា វិស័យឯកជនឱ្យចាប់យកស្ដង់ដារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន។រហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារប្រមាណ ១៧០០ រួមនឹងការអនុម័តស្តង់ដាថ្មីសម្រាប់ស្រាអង្ករកម្ពុជាផងដែរ៕