កម្ពុជា និងបណ្តាប្រទេសអាស៊ាន បើកកិច្ចប្រជុំរួមគ្នា ដើម្បីជំរុញការវិនិយោគនៅក្នុងតំបន់

សង្គម​ និង​សេដ្ឋកិច្ច

គណៈកម្មាធិការវិនិយោគកម្ពុជា និងបណ្តាប្រទេសអាស៊ាន បានមកជួបជុំគ្នា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៧ សំដៅពិភាក្សាមួយចំនួនពាក់ព័ន្ធទៅនឹងការវិនិយោគនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងវៀងច័ន្ទន៍ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដែលបានចូលរួមកិច្ចប្រជុំខាងលើបានឱ្យដឹងថា  កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំនេះ គឺមានគោលដៅផ្តោតទៅលើកិច្ចពិភាក្សាមួយចំនួនពាក់ព័ន្ធទៅនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលរួមមាន ការជំរុញការវិនិយោគ ការលើកកម្ពស់ការតភ្ជាប់ ការកាត់បន្ថយនូវរបាំងវិនិយោគតាមរយៈការធ្វើសេរីភាវូបនីយកម្មវិនិយោគក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាភាពតានតឹងផ្នែកពាណិជ្ជកម្មដោយសារភូមិសាស្ត្រនយោបាយ បញ្ហាបម្រែបម្រួលអាកាសធាតុ និងនិន្នាការនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ។

លោកបានឱ្យដឹងថា នាឱកាសកិច្ចប្រជុំនេះដែរ ក៏មានការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដែលពិធីសារនេះត្រូវបានរំពឹងទុកថានឹងធ្វើឱ្យរបបវិនិយោគនៅក្នុងតំបន់អាស៊ានកាន់តែមានភាពទូលំទូលាយ និងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនពីក្រៅតំបន់មកបណ្តាក់ទុនវិនិយោគក្នុងតំបន់ថែមទៀត។

សូមបញ្ជាក់ដែរថា យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ ទទួលបានគម្រោងវិនិយោគចំនួន២៨៧ កើនជាងឆ្នាំមុនចំនួន១២៣គម្រោង ដែលស្មើនឹង៧៥ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ចំណែកឯទុនវិនិយោគវិញបានឡើងដល់៤,៧៨៤លានដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងកំណើនទុនវិនិយោគនៅកម្ពុជានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា កម្ពុជានៅតែស្វាគមន៍ការវិនិយោគពីបណ្តារប្រទេសទាំងក្នុងតំបន់ និងពិភពលោក ព្រោះមិនត្រឹមតែបង្ហាញអំពីសារៈសំខាន់នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាពផងដែរ៕ អត្ថបទ៖ រង្សី