លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជាទទួលស្វាគមន៍គណៈប្រតិភូ Gumball 3000 ទាំងអស់ដែលបានអញ្ជើញមកកម្ពុជា បង្កើតប្រវត្តិសាស្ត្រថ្មីលើទឹកដីបេតិកភណ្ឌពិភពលោក ខណៈលោកក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើការរួមគ្នាក្នុងការចាប់យកឱកាសក្នុងព្រឹត្តិការណ៍ Gumball 3000នេះផងដែរ

ថ្លែងក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសហគមន៍ធុរកិច្ចអន្តរជាតិ ធ្វើការរួមគ្នាក្នុងការចាប់យកឱកាសក្នុងព្រឹត្តិការណ៍ Gumball 3000 ដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកទស្សនាគ្រប់រូបនៅក្នុងប្រទេសកម្ពុជាមិនអាចបំភ្លេចបាន និងធានាថាពួកគេត្រឡប់មកកម្ពុជាវិញម្តងហើយម្តងទៀត។
បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ Gumball 3000 ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅក្នុងរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ។ ពិសេសជាងនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។
លើលពីនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា ឆ្នាំ២០២៤នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជាកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ និងព្រឹត្តិការណ៍ Gumball 3000 ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ជាមួយដៃគូពិភពលោក និងការលើកកម្ពស់បទពិសោធន៍រួមគ្នាផងដែរ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក។ទន្ទឹមគ្នានេះ ខណៈដែលព្រឹត្តិការណ៍នេះ កំពុងធ្វើនៅប្រទេសកម្ពុជា សម្តេចធិបតី រំពឹងថា ព្រឹត្តិការណ៍នេះ នឹងជួយផ្សាយសក្តានុពលទេសចរណ៍ ធុរកិច្ច និងវិនិយោគរបស់កម្ពុជាបន្ថែមទៀត៕ អត្ថបទ៖ រង្សី



