ទិន្នន័យត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាប្រមាណជាង ៣០០ លានដុល្លារ ដើម្បីយកទៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយលើកទី២៣។
របាយការណ៍ បានឱ្យដឹងថាទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ៣១៣,៧៨ លានដុល្លារអាមេរិក សមមូលនឹង ២៣៧,៥៥ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ១៤% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ៨៩% និងក្របខ័ណ្ឌពហុភាគី ១១%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ៦០%។
ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥៦%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើផលិតភាពសេដ្ឋកិច្ច ឬផលិតភាពកម្ម។
ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ១១,២៧ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ ១១,១៦ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៣% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣៧%) និង ១% ត្រូវនឹងប្រមាណ ១១៣ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន ៤៦% ជាដុល្លារអាម៉េរិក ១៩% ជាអេសដេអ៊ែ ១១% ជាយ័នចិន ១១% ជាយេនជប៉ុន ៧% ជាអឺរ៉ូ និង ៦% ទៀត ជារូបិយវត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។
របាយការណ៍បានឱ្យដឹងទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះផងដែរ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់សរុបចំនួន ៤៤៥,៥០ លានដុល្លារអារ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៤៩% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៥១%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨០% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ២០%។ ដោយឡែក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការដកសាច់ប្រាក់ជាក់ស្តែងនៅក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ៥២%៕