ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីធានាឥណទានដល់កសិករ ដើម្បីអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលធ្វើឡើងកាលព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ និងរីករាយក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អនុស្សរណៈនេះ នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ឈានទៅទទួលផលវិជ្ជមានជាផ្លែផ្កា និងលទ្ធផលល្អប្រសើរតាមការរំពឹងទុក ក្រោមម្លប់សុខសន្តិភាព។
លោកក៏បានឱ្យដឹងទៀតថា សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ទៀតថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាដៃគូដ៏ល្អ តាមរយៈការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើប ឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ទៀតថា ជោគជ័យនៅក្នុងវិស័យកសិកម្ម គឺត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។
គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សា អំពីគម្រោង និងផែនការសកម្មភាពរបស់សមាគមកសិកម្ម ដើម្បីអភិវឌ្ឍជីវភាព កាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រសួងកសិកម្ម បានមានលើកឡើងអំពីគោលនយោបាយអាទិភាពរបស់ក្រសួងកសិកម្ម និងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យកសិកម្ម គឺជាការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្ស និងថវិកាគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ៕ អត្ថបទ៖ រង្សី