សិស្សានុសិស្ស ចំនួន១១៦៧នាក់ ដែលកំពុងសិក្សានៅគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈចំនួន៥វិទ្យាល័យ ក្នុងរាជធានីភ្នំពេញ បានសិក្សា និងស្វែងយល់ពីកម្មវិធីបង្ហាញផ្លូវស្តីពីជំនាញសិក្សា និងអាជីព “Major and Career Roadshow” ដែលរៀបចំឡើងដោយអង្គការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍អាជីព (MACA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

វិទ្យាល័យទាំង៥ នោះ រួមមាន៖ ១). វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ ២).វិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានី ច្បារអំពៅ ៣).វិទ្យាល័យជាស៊ីមសាគ្គី ៤).វិទ្យាល័យបាក់ទូក និង៥).វិទ្យាល័យព្រែកលៀប។
លោក អ៊ុម គន្ធែល ប្រធានអង្គការ MACA បានមានប្រសាសន៍ថា៖ ជំនាញសិក្សា និងអាជីព នៅវិទ្យាល័យទាំង៥នេះ គឺជាការអនុវត្តជំហានដំបូងរបស់កម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព។ បន្ថែមពីលើនេះ អង្គការ MACA រួមជាមួយ ស.ស.យ.ក. រាជធានីភ្នំពេញ គ្រោងនឹងបន្តរៀបចំកម្មវិធីនេះនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈផ្សេងទៀតនៃប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
លើសពីនេះ កម្មវិធីបង្ហាញផ្លូវស្តីពី ជំនាញសិក្សានិងអាជីព “Major and Career Roadshow” មានគោលបំណងជួយយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីចាប់យកអាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។
ទន្ទឹមនឹងនេះ កម្មវិធីក៏មានបំណងបញ្ជ្រាបចំណេះដឹងអំពីភាពជាអ្នកដឹកនាំរបស់យុវជនក្នុងយុគសម័យឌីជីថលជូនដល់យុវជនខ្មែរជំនាន់ក្រោយ ដែលជាកម្លាំងស្នូលរបស់ជាតិ ក្នុងការបង្កើនសមត្ថភាព និងគុណភាព ឱ្យទាន់បរិបទបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងដើម្បីចូលរួមក្នុងការដឹកនាំនៅក្នុងគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីខាងលើនេះផងដែរ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកម្មវិធីបង្ហាញផ្លូវស្ដីពីជំនាញសិក្សា និងអាជីព ព្រមទាំងផ្តល់គន្លឹះសំខាន់ៗជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យប្រើប្រាស់ពេលវេលាជាយុវជនឱ្យមានប្រសិទ្ធភាពក្នុងការបង្កើននូវចំណេះដឹង និងជំនាញច្បាស់លាស់ ធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ព្រមទាំងមានជំនាញមួយពិតប្រាកដស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរុងរឿង និងរីកចម្រើន។
បន្ថែមពីនេះ ថ្នាក់ដឹកនាំ ស.ស.យ.ក. រាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សឱ្យចេះសម្របខ្លួន និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រយោជន៍ និងចំទិសដៅផងដែរ។
អង្គការ MACA ក៏បានណែនាំវិធីសាស្រ្តស្វែងយល់ពីខ្លួនឯង ក្នុងការជ្រើសរើសជំនាញសិក្សា និងអាជីព ហើយបានធ្វើតេស្តស្វែងរកជំនាញសិក្សា និងអាជីពដែលសាកសមនឹងចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ តាមរយៈកម្មវីធីទូរស័ព្ទ MACA Mobile ជូនដល់សិស្សានុសិស្ស។
គួរបញ្ជាក់ផងដែរថា អង្គការ MACA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយក្រុមយុវជនកម្ពុជាវ័យក្មេងដែលមានចក្ខុវិស័យជួយសិស្ស និស្សិត និងយុវជនឱ្យមានភាពច្បាស់លាស់អំពីជម្រើសជំនាញសិក្សា និងអាជីព ដើម្បីត្រៀមខ្លួនសម្រាប់អាជីពសមរម្យនាពេលអនាគតរបស់ពួកគេ។ MACA បានធ្វើសកម្មភាពសង្គមជាច្រើន និងបានផ្តួចផ្តើមនូវយុទ្ធនាការតាមប្រព័ន្ធឌីជីថលដែលមានឈ្មោះថា “ជជែកអំពីអាជីព” និងកម្មវិធីសិក្ខាសាលាតម្រង់ទិសតាមរាជធានី-ខេត្ត ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការកំណត់គោលដៅ ជំនាញ និងអាជីពច្បាស់លាស់៕


