«ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដើម្បីទេសចរ» នៅកម្ពុជារយៈពេល២យប់៣ថ្ងៃ បានបញ្ចប់ដោយស្នាមញញឹមនៅលើផ្ទៃមុខរបស់ប្រតិភូអន្តរជាតិ Gumball 3000 គ្រប់ៗរូបដែលបានអញ្ជើញជាសមាជិកក្នុងព្រឹត្តិការណ៍ «Gumball 3000 Saigon To Singapore ចម្ងាយដី 3000 ម៉ាយ៌» ឆ្លងកាត់ប្រទេសអាសុីអាគ្នេយ៍ចំនួន ៥ គឺ ប្រទេសវៀតណាម កម្ពុជា ថៃ ម៉ាឡេសុី និងសឹង្ហបុរី។
ជាមួយគ្នានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសរសេររៀបរាប់នៅលើគណនី Facebook ផ្លូវការរបស់លោកថា៖ “យើងសូមអរគុណដល់ Gumball 3000 ដែលបានជ្រើសរើសព្រះរាជាណចក្រកម្ពុជា ជាទីតាំងប្រារព្ធកម្មវិធីរបស់ខ្លួន ដែលឆ្នាំនេះត្រូវជាខួបទី២៥ របស់ព្រឹត្តិការណ៍នេះផងដែរ។ ព្រះរាជាណាចក្រកម្ពុជា មានមោទនភាពក្នុងការបើកទ្វារទទួលបណ្តាប្រិយមិត្តមកពីទូទាំងពិភពលោកឱ្យបានស្គាល់នូវសម្បត្តិវប្បធម៍ និងទេសភាពដ៏ស្រស់ត្រកាលនៃដែនដីអច្ឆរិយៈរបស់យើង។ ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍ ស្នាមញញឹមរបស់ប្រជាជន និងបរិយាកាសដ៏សែនកក់ក្តៅដែលអ្នកចូលរួមកម្មវិធីបានចែករំលែកនៅលើទំព័របណ្តាញសង្គមរបស់ពួកគេ។”
អ្វីដែលពិសេសជាងគេនោះគឺ កម្ពុជាក៏បានក្លាយជាប្រទេសដំបូងគេលើលោកក្នុងកំណត់ត្រាថ្មីរបស់ Guinness គឺ «ការចតរថយន្តទំនើបច្រើនជាងគេបំផុតនៅលើពិភពលោកនៅមុខប្រាសាទអង្គរវត្ត» ។
ព្រឹត្តិការណ៍ Gumball 3000 សហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប រៀបចំព្រឹត្តិការណ៍នេះឡេីងក្នុងគោលបំណងលើកស្ទួយកិត្យានុភាពជាតិ និងវិស័យទេសចរណ៍ ជាពិសេសបង្កើនការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប២០២៤» ព្រមទាំងដើម្បីប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងជាឱកាសជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរខណៈដែលគណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមានជាង ៤០% សុទ្ធតែជាពាណិជ្ជករធំៗដែលនឹងជួបពិភាក្សាផ្នែកធុរកិច្ចជាមួយពាណិជ្ជករក្នុងស្រុកដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជានាពេលខាងមុខ។
គួរឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍ទទួលបានការសាទរពីប្រជាជនខ្មែរគ្រប់វ័យ និងមានការចូលរួមពីយុវវ័យសម័យថ្មីទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពី ៨ ទៅ ១០ មុឺននាក់ឯណោះ៕