អគ្គលេខាធិការដ្ឋានរដ្ឋសភា នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ជូនដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។

គួរបញ្ជាក់ថា កិច្ចប្រជុំរដ្ឋសភា វិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ត្រូវបានគ្រោងធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
១- បានអនុម័តយល់ព្រមលើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
២- បានអនុម័តយល់ព្រមលើសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។
៣- បានអនុម័តលើសំណើសុំប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំងជូន ឯកឧត្តម ហុឺ វីរៈ ជំនួសសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។
៤- បានអនុម័តយល់ព្រមបោះឆ្នោតជ្រើសតំាង ឯកឧត្តម អុិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ។
៥- បានអនុម័តប្រគល់សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
៦- បានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួន៣រូប។
៧- បានអនុម័តសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក៕



