ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) គ្រោងដាក់បញ្ចូលគ្នានូវប្រព័ន្ធទូទាត់ទាំងប្រាក់រៀល និងដុល្លារអាមេរិក ដោយប្រើ KHQR Code តែមួយ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងសម្រួលដល់ការទូទាត់ឆ្លងដែនជាមួយប្រទសដៃគូ។
យោងតាមធនាគារជាតិនៃកម្ពុជា គម្រោងដាក់ឱ្យប្រើប្រាស់ KHQR តែមួយនេះ តម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់មានគណនីជាលុយរៀល គម្រោងនេះបានត្រូវគេរំពឹងថា នឹងជួយលើកស្ទួយសេដ្ឋកិច្ចជាតិតាមរយៈការប្រើប្រាស់កាន់តែទូលំទូលាយនូវប្រាក់រៀលដែលរូបិយវត្ថុជាតិ។
ធនាគារនៅកម្ពុជាទាំងអស់នឹងបើកគណនីប្រាក់រៀលជូនអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិ និងមិនគិតកម្រៃសេវាទាំងអស់ បើទោះបីជាគណនីប្រាក់រៀល មិនត្រូវបានប្រើប្រាស់ ឬគ្មានសកម្មភាពអ្វីក៏ដោយ។ អតិថិជនរបស់ធនាគារទាំងអស់នៅកម្ពុជា នឹងអាចស្កែនបានទាំងលុយរៀល និងលុយដុល្លារតាមប្រព័ន្ធ KHQR តែមួយ ដោយមិនចាំបាច់ស្កេន QR Code ជាលុយដុល្លារ និង QR Code ជាលុយរៀល ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន។
លោកស្រី ជា សេរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នាពេលថ្មីៗនេះថា នៅពេលគម្រោងនេះត្រូវបានអនុវត្ត ប្រតិបត្តិការទូទាត់តាមឌីជីថលអាចត្រូវបានធ្វើឡើងទាំងលុយរៀល និងលុយដុល្លារ ដោយគ្រាន់តែស្កេន KHQR Code តែមួយ ដែលបច្ចុប្បន្នត្រូវបានបំបែកជាពីរគឺ KHQR Code សម្រាប់លុយរៀលនិង KHQR Code សម្រាប់លុយដុល្លារអាមេរិក។គម្រោងនេះក៏នឹងកាត់បន្ថយភាពស្មុគស្មាញក្នុងការទូទាត់តាមឌីជីថល ដែលអនុញ្ញាតឱ្យបុគ្គល និងម្ចាស់អាជីវកម្មធ្វើការទូទាត់កាន់តែងាយស្រួល និងងាយស្រួលដោយគ្រាន់តែស្កេន QR Code តែមួយ សម្រាប់ប្រតិបត្តិការទាំងប្រាក់រៀល និងប្រាក់ដុល្លារ៕