សម្តេចធិបតី៖ បើគ្មានសន្តិភាពនោះទេ យើងក៏ពុំអាចសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពបានដែរ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បើគ្មានសន្តិភាពនិងស្ថិរភាពនោះទេ យើងក៏ពុំអាចសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពបានដែរ។ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតបែបនេះ ធ្វើឡើងតាមតាមសារលិខិតចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឱកាសប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់សង្រ្គាមជាច្រើនទស្សវត្សរ៍ កម្ពុជា ទទួលស្គាល់នូវសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗក៏ដូចជាសហគមន៍អន្តរជាតិ។ ហេតុនេះ សម្តេចថា បើគ្មានសន្តិភាពនិងស្ថិរភាពនោះទេ យើងក៏ពុំអាចសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពបានដែរ។

ក្នុងសារលិខិតដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា អស់រយៈពេលជាងពីរទស្សវត្សរ៍ យើងបានឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម អំពើប្រល័យពូជសាសន៍ សោកនាដកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សាររកទីបំផុតគ្មាន ដែលបានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សម្តេចបន្តថា ជាភ័ព្វសំណាង អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងត្រូវបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីការអនុវត្តដោយជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកវិញនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងជូនប្រជាជាតិយើង។

ទន្ទឹមនេះ សម្តេចធិបតី អះអាងថា ដើម្បីធានានូវសុខសន្តិភាព រាជរដ្ឋាភិបាល បានបន្តគិតគូយ៉ាងម៉ត់ចត់អំពីសុខមាលភាពរបស់ប្រជាជន ក្នុងនោះ របបសន្តិសុខសង្គមត្រូវបានបម្រើកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងការធានាបាននូវសន្តិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកម្ពស់សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងអស្ថិរភាពសង្គម។ រាជរដ្ឋាភិបាលនៅគ្រប់នីតិកាលទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព ដោយទទួលស្គាល់ថា សង្គមមាន សន្តិភាព ស្ថិរភាព និងសុខុដុមរមនា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

លើសពីនេះ សម្តេចអះអាងថា ប្រវត្តិសាស្រ្តបានបង្ហាញឱ្យឃើញថា បើគ្មានសន្តិភាពទេ នោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការលុប បំបាត់ភាពក្រីក្រ ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការផ្តល់ការអប់រំប្រកបដោយគុណភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ពុំអាចសម្រេចបានដែរ។

សូមបញ្ជាក់ទៀត យោងតាមសារលិខិតខាងលើ ក៏បានសង្កត់ធ្ងន់ទៀតថា សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញ ក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផងដែរ។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាសូមបញ្ជាក់សារជាថ្មីឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ៕ អត្ថបទ៖ រង្សី