អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋកម្មករ-កម្មការិនីទៅមកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃដោយឥតគិតថ្លៃ។
លោក ឃួង ស្រេង បន្តថា រថយន្តក្រុង ចំនួន៦៥៣គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ [ជិះដោយមិនបង់ប្រាក់]»។ ចំពោះសេវាកម្មដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន១០០គ្រឿង។ ដោយឡែក សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៤៩៧គ្រឿង មានគោលដៅ និងទីតាំងផ្សេងៗគ្នា។
ឆ្លៀតឱកាសនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយមិនត្រូវដំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះទេ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
គួរបញ្ជាក់ដែរថា ការដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ពលរដ្ឋជិះដោយឥតបង់ប្រាក់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងកាលពីថ្ងៃទី១៦កញ្ញា ឆ្នាំ២០២៤។
នាពេលកន្លងទៅរាល់ពិធីបុណ្យប្រពៃណីជាតិម្តងៗ រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ចេញរថយន្តក្រុងសាធារណៈដើម្បីដឹកជញ្ជូនកម្មករ-កម្មការិនី បងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តជាច្រើនលើកច្រើនសា៕ អត្ថបទ៖ រង្សី