លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើទៅកាន់ក្រុមប្រឹក្សាវិនិយោគថៃ (BOI) និងគណៈប្រតិភូដែលមកពីសភាពាណិជ្ជកម្មថៃ ឱ្យបន្តសហការគ្នាផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយ ដើម្បីគាំទ្រវិស័យឯកជនប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។

លោកស្នើនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនថៃដែលដឹកនាំដោយក្រុមប្រឹក្សាវិនិយោគថៃ (BOI) កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូថៃដែលមកទស្សនកិច្ចវិនិយោគនៅកម្ពុជា ។លោក ក៏បានជម្រាបពីវឌ្ឍនភាពសំខាន់ៗរបស់កម្ពុជាលើកិច្ចការងារវិនិយោគឯកជន ពិសេសក្នុងរយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលទទួលបានគម្រោងវិនិយោគសរុបចំនួន ៣៩១គម្រោង កើនឡើងចំនួន ១៦៨គម្រោង ឬ ៧៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងនីតិកាលទី៦ ក្រោមការសម្របសម្រួល និងទាក់ទាញការវិនិយោគរបស់ CDC ដែលជាសេនាធិការ។

ឆ្លៀតឱកាសនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានស្នើសុំឱ្យភាគីថៃ តាមរយៈក្រុមប្រឹក្សាវិនិយោគថៃ បន្តសហការរួមគ្នាលើការផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយ កម្ពុជាបូកមួយ ឬថៃបូកមួយ ដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន ស្របតាមសក្ដានុពលនិងធនធានដែលប្រទេសទាំងពីរអាចផ្ដល់ជូនទៅវិនិយោគិន។
ជាការឆ្លើយតប លោកស្រី Patcharada Nawakawongkarn នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ (BOI)ថា នឹងពិនិត្យលទ្ធភាពបន្ថែមទៀតលើការផ្សព្វផ្សាយ និងរៀបចំកិច្ចសហការនានាដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូកមួយ។ លោកស្រី ក៏បានបញ្ជាក់ថា នឹងសហការរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ សំដៅលើកទឹកចិត្តវិនិយោគិនថៃមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះដែរ CDC ក៏បានរំលេចជូនភាគីថៃពីសុខសន្តិភាពពេញលេញនៅកម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយ មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច ពិសេសកម្ពុជាបានបន្តយកចិត្តទុកដាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសទាំងផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោកដោយមានការអភិវឌ្ឍន៍ផ្លូវដែកផងដែរ៕ អត្ថបទ៖ រង្សី

