ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនៅលើពិភពលោក Gumball 3000 x Chip Mong រយៈពេល៣ថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យនិងមោទនភាពបំផុត កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ទោះយ៉ាងណា នៅក្នុងខែកញ្ញានេះ ខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ ៣ធំៗទៀត ដែលភ្ញៀវទេសចរណ៍គួរដាក់គោលដៅទៅកម្សាន្តនៅខេត្តប្រវត្តិសាស្ត្រមួយនេះ។

តាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥-១៩ ខែកញ្ញា នឹងមានព្រឹត្តិការណ៍ការលំអរភ្លើងពេលរាត្រីនៅប្រាសាទអង្គរវត្ត ក្លោងទ្វារទន្លេអុំ និងប្រាសាទបាយ័ន ដែលត្រូវបានរៀបចំបំភ្លឺដោយពន្លឺភ្លើងនៅពេលរាត្រីយ៉ាងអស្ចារ្យ សម្រាប់ព្រឹត្តិការណ៍ Gumball 3000 x Chip Mong ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលសំណង់ស្ថាបត្យកម្មបុរាណមានអាយុកាលរាប់ពាន់ឆ្នាំ ជួបជាមួយភាពអស្ចារ្យនៃសម័យទំនើបវប្បកម្ម។
បន្ទាប់មក នឹងមានព្រឹត្តិការណ៍ធំៗ៣ទៀតរួមមាន៖ ១)ថ្ងៃទី១៩ ខែកញ្ញា វេទិការទេសចរណ៍កម្ពុជា-ចិន ២)ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ២ដងទេ និង ៣)ថ្ងៃទី២៧ ខែកញ្ញា ជាថ្ងៃមួយដែលសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី, ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍, ការតាំងបង្ហាញឡាន, ម៉ូតូចាស់ៗជាដើម។
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong បានបង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតនៃការដាក់តាំងបង្ហាញរថយន្តទំនើប និងកម្រ ប្រភេទ Hypercar និង Supercar នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងឱកាសខួបលើកទី២៥ឆ្នាំ ដែលព្រឹត្តិការណ៍លំដាប់ពិភពលោក និងលើកដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ បើតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ Gumball 3000 x Chip Mong ធ្វើឱ្យកម្ពុជាទទួលបានផលចំណេញខ្លាំងលើវិស័យទេសចរ និងវិស័យជាច្រើនទៀតផងដែរ៕



