កាន់តែស្វិតស្វាញ ពេលឈានដល់ «វគ្គប្រកួតប្រជែង» កម្មវិធី CAMEL’s Future Engineer Program ដែលរៀបចំឡើង ដោយក្រុមហ៊ុនផលិតស៊ីម៉ង៍ ជីប ម៉ុង អុិនស៊ី ស៊ីមេន ដែលរំកិលខ្លួនដល់វគ្គ ប្រកួតប្រជែង( Competition Day ) កំពុងជំរុញឱ្យក្រុមនិស្សិតឆ្នើមជំនាញវិស្វករសំណង់ស៊ីវិលមកពី ៥សាកលវិទ្យាល័យ រួមមាន៖ និស្សិតមកពីសកលវិទ្យាល័យន័រតុន (NU), វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ (PPI), វិទ្យាស្ថានពហុបច្ចេកវិទ្យានៅកម្ពុជា (ITC), និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) កាន់តែបង្កើនភាពរហ័សរហួន ស្វិតស្វាញ និងប្រឹងប្រែងយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីបញ្ចូលទ្រឹស្ដីនៅសាលា និងអ្នកជំនាញ ឈានទៅផ្សាភ្ជាប់នឹងការអនុវត្តស្ដែង ឱ្យឃើញលទ្ធផលកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ។
ក្រោយពីបានសង្កេតលើកម្មវិធីប្រកួតប្រជែងរវាងតំណាងនិស្សិតទាំង ៥សាកលវិទ្យាល័យរួចមក លោកសាស្ត្រាចារ្យ សៀង ពៅ បទពិសោធន៍ជាគ្រូបង្រៀនផ្នែកសំណង់ស៊ីវិលអស់រយៈពេល ៣៥ឆ្នាំបានលើកឡើងថា ក្រុមហ៊ុន ជីប ម៉ុង បង្កើតកម្មវិធី Camel’s Future Engineer នេះឡើងខ្ញុំពិតជាអរគុណខ្លាំងណាស់ ព្រោះបានជួយដល់កូនខ្មែរជាច្រើនឲ្យយល់ដឹងបន្ថែមទៀតក្នុងការងារលាយបេតុង។ លោកថា ទ្រឹស្តីត្រូវតែភ្ជាប់នឹងការអនុវត្ត ការងារដែលពួកយើងបានធ្វើនៅថ្ងៃនេះ គឺទាក់ទងច្រើននឹងសម្ភារៈសំណង់ ដែលជារឿងមួយដ៏សំខាន់ ព្រោះថាបើទោះបីជាវិស្វករពូកែលើជំនាញរបស់ខ្លួនយ៉ាងណាក៏ដោយ ប្រសិនបើជ្រើសរើសសម្ភារៈសំណង់មិនបានត្រឹមត្រូវ ផ្ទះនឹងគ្មានគុណភាពប្រឈមនឹងការដួលរលំ។
លោកសាស្ត្រាចារ្យក៏បានកត់សំគាល់ឃើញពីចំណុចពិសេសមួយរបស់ ជីប ម៉ុង អុិនស៊ី ស៊ីមិន ដែលគិតគូយ៉ាងសំខាន់លើបញ្ហាបរិស្ថាន ដូចសព្វថ្ងៃមានការបម្រែបម្រួលអាកាសធាតុស្ទើរតែរាល់ថ្ងៃ ខណៈក្រុមប្រទេសជឿនលឿនអ្នកបំផ្លាញច្រើនជាងគេ ដូច្នេះហើយបានជា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី បានធ្វើការកាត់បន្ថយការបំពុលបរិស្ថាន ដែលជាកត្តាសំខាន់បំផុត អោយយើងអាចការពារអនាគតជំនាន់ក្រោយរបស់យើងទៀត។
ទន្ទឹមនឹងនោះ អ្នកគ្រូ ហេង សុខនាង ជាគ្រូបង្រៀនមកពីវិទ្យាស្ថាបបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា កម្មវិធី Camel’s Future Engineer វគ្គប្រកួតប្រជែង នាថ្ងៃនេះពិតជាល្អមែនទែន ព្រោះបានផ្សារភ្ជាប់ ពីទ្រឹស្តីដែលបានរៀននៅសាលាយកមកអនុវត្តផ្ទាល់ៗ ហើយមិនត្រឹមតែប៉ុណ្ណោះបានធ្វើឲ្យពួកគាត់ចេះសហការគ្នាជាក្រុម ហើយយល់ដឹងពីបញ្ហាដែលកំពុងកើតឡើង អាចមានដំណោះស្រាយភ្លាម ខណៈការងារទាំងអស់នេះហើយ បានធ្វើឲ្យសិស្សនិស្សិតយល់ឃើញផ្ទាល់ជាក់ស្តែងនូវការងាររបស់ខ្លួនដូចនៅការដ្ឋាន។
ដូចគ្នានេះដែរ លោក ជា ពុធពិសាខ និស្សិតឆ្នាំទី៤ នៃដេប៉ាតដឺម៉ង់សំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងដែរថា ចូលរួមកម្មវិធីនាថ្ងៃនេះ ខ្ញុំបានរៀនជាច្រើនមែនទែន ដូចការធ្វើការងារជាក្រុម មួយវិញទៀតបានមកតេស្តផ្ទាល់រវាងការឌីហ្សាញ និងការលាយបេតុងរបស់ខ្លួនកន្លងមក បានត្រឹមត្រូវតាមលក្ខណ្ឌស្តង់ដារ។ មួយវិញទៀត និស្សិតរូបនេះ យល់ឃើញថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមិន ល្អមែនទែនដែលផ្តោតសំខាន់លើយុវជន ដែលជាទំពាំងស្នងឬស្សី កាលណាយុវជនមានជំនាញច្បាស់លាស់ នោះអាចអភិវឌ្ឍជាតិបន្ថែមទៀត។
CAMEL’s Future Engineer Program គឺជាកម្មវិធីដ៏ពិសេសមួយ ដែលបង្កើតឡើង ដើម្បីផ្ដល់ឳកាស និងតភ្ជាប់និស្សិតវិស្វករសំណង់ស៊ីវិល ដែលមានទេពកោសល្យ អាចឈោងចាប់ក្ដីស្រមៃ បង្កើតចំណេះដឹងបន្ថែម ជាពិសេសការប្រាស្រ័យទាក់ទងគ្នាផ្ទាល់ ជាមួយអ្នកឯកទេសជំនាញក្នុងវិស័យសំណង់ស៊ីវិល ដើម្បីទទួលបានរង្វាន់ជ័យលាភីធំ និងស័ក្តិសមជាវិស្វករវ័យក្មេងរបស់កម្ពុជា។ ពីមួយវគ្គទៅមួយវគ្គ និស្សិតដែលចូលរួមសិក្ខាសិលា CAMEL’s Future Engineer Program របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ដាក់ក្ដីរំពឹងកាន់ខ្ពស់ លើជំនាញវិស្វករសំណង់របស់ខ្លួន។ ជាពិសេស ពួកគាត់បានយល់កាន់តែច្បាស់ពីស្តង់ដារសំណង់ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក ត្រូវការធាតុចូលសំខាន់ៗអ្វីខ្លះ ដើម្បីធានាការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជាប្រកបដោយនិរន្តភាព។ គួរបញ្ជាក់ថា មានមូលហេតុចម្បងៗចំនួនបី ដែលជំរុញអោយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន សហការជាមួយសាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗនៅកម្ពុជា បើកកម្មវិធីសិក្ខាសាលា CAMEL’s Future Engineer Program នេះឡើងគឺ៖
ទី១. ដើម្បីឱ្យប្អូនៗនិស្សិតដែលចូលរួមទទួលបាន នូវការចែករំលែកចំណេះដឹង ជាទ្រឹស្ដី បទពិសោធន៍ជាក់ស្ដែង ពីអ្នកជំនាញជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ជាពិសេសបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សាលើជំនាញវិស្វករសំណង់ស៊ីវិលនេះ ពួកគាត់អាចនឹងរៀបចំខ្លួនបានកាន់តែប្រសើរសម្រាប់ទីផ្សារអនាគតរបស់ខ្លួន។ ទី២. កិច្ចសហការដ៏ល្អ រវាងសាកលវិទ្យាល័យ និងនិស្សិតនៃមហាវិទ្យាល័យវិស្វករសំណង់ស៊ីវិល ជាមួយក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន នាពេលនេះ បានបញ្ជាក់កាន់តែច្បាស់ដល់និស្សិតដែលចូលរួមថា ពួកគាត់នឹងក្លាយជា វិស្វករនាពេលអនាគត ហេតុដូច្នេះ ត្រូវតែភ្ជាប់ខ្លួន ស្វែងយល់អំពីនិន្នាការថ្មីៗនៃឧស្សាហកម្មសំណង់ និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មនេះជាចាំបាច់ ទី៣. និស្សិតដែលចូលរួម សិក្ខាសិលា CAMEL’s Future Engineer Program នឹងស្វែងយល់កាន់តែច្បាស់ថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន មិនត្រឹមតែកំពុងរួមចំណែកលើការអភិវឌ្ឍន៍វិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាតែប៉ុណ្ណោះទេ តែគឺជាការចូលរួមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សដ៏ធំដំបូងគេនៅកម្ពុជា កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ រោងចក្រវិនិយោគឡើងដោយកូនខ្មែរ មួយនេះបាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក យ៉ាងសម្រិតសម្រាំង ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំជាប់ធន់ ជានិរន្តន៍៕