រដ្ឋមន្រ្ដីក្រសួងចំនួន៣បានបន្ដចាប់ដៃគ្នាពិភាក្សា និងដឹកនាំកិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដើម្បីជំរុញឱ្យមានកិច្ចសហការជិតស្និទ្ធ បង្កើនប្រសិទ្ធភាព និងសហថាមពល សំដៅគាំទ្រដល់ការលើកកម្ពស់ និងកែលម្អជីវភាពសហគមន៍តាមមូលដ្ឋាន។

កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានសមាសភាពចូលរួមដូចជា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងបី។
បើតាមការឱ្យដឹងកិច្ចប្រជុំនេះធ្វើឡើងនៅក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើចំណុច៣សំខាន់ៗគឺ៖ ទី១, របាយការណ៍វឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរក្រសួង និងរបាយការណ៍សង្ខេបលទ្ធផលកិច្ចប្រជុំលើកដំបូងនៃក្រុមការងារអន្តរក្រសួង។ ទី២, ការរៀបចំបង្កើតលេខាធិការដ្ឋានសម្រាប់គាំទ្រដល់ដំណើរការក្រុមការងារអន្តរក្រសួង និងសេចក្តីព្រាងលក្ខខណ្ឌការងារ(ToR) របស់លេខាធិការដ្ឋាន និងទី៣, លក្ខខណ្ឌវិនិច្ឆ័យរួម និងការកំណត់តំបន់គោលដៅអនុវត្តសកម្មភាពដែលមានលក្ខណៈសម្របសម្រួល សមាហរណកម្មគ្នា សំដៅជួយដល់សហគមន៍គោលដៅតាមមូលដ្ឋាន(MAC/FWUC/MV) ឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរិមា និងជំហានបន្ទាប់។
សូមជម្រាបជូនថា នេះជាកិច្ចប្រជុំលើកទី២ហើយ ដែលកាលពីលើកទី១បានរៀបចំប្រជុំនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងបី ហើយជាលទ្ធផលនៃកិច្ចប្រជុំបានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាចំនួនបួនចំណុចគឺ៖ ទី១, កំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងទាំងបី ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។ ទី២, ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការ និងទម្លុះនូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។ ទី៣, ផ្សារភ្ជាប់គម្រោងនិងកម្មវិធីនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា និងទី៤, ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់បីខែម្ដង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការអនុវត្តការងារបន្ត៕



