៨ខែ ឆ្នាំ២០២៤៖ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង ៦៥ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

គិត្រឹមរយៈពេល ៨ខែ ពោលចាប់ពីខែមករា-សីហា ឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង៦៥ម៉ឺននាក់។នេះបើតាមការឱ្យដឹងពីលោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប ថ្លែងក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍” រៀបចំនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង៦៥ម៉ឺននាក់ ដែលមានការកើនឡើង៣១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ លោកបន្តថា ក្នុងនោះ យើងឃើញភ្ញៀវដែលមកកម្សាន្តច្រើនជាងគេរួមមាន ជនជាតិអាមេរិកឈរនៅលំដាប់ថ្នាក់លេខមួយ អង់គ្លេសនៅលំដាប់ទីពីរ និងភ្ញៀវទេសចរណ៍បារាំងឈរនៅលំដាប់ថ្នាក់ទីបី។

លោកបានបញ្ជាក់ទៀតថា៖« បច្ចុប្បន្ននេះទោះបីជាកំណើនភ្ញៀវទេសចរមានការកើនឡើងយឺតបន្តិចមែន ប៉ុន្តែអាជីវកម្មទេសចរណ៍គ្រប់ប្រភេទ បាននឹងកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗ ដើម្បីត្រៀមចាំស្វាគមន៍ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តសៀមរាបរបស់យើង»។

លោកអភិបាលរងខេត្តរូបនេះ បានសង្កត់ធ្ងន់បន្តថា នៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានខិតខំជម្រុញឱ្យមានការសហការគ្នារវាងអន្តរវិស័យដែលពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវ និងគោលដៅតែមួយ ការខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្ត និងការរៀបចំតំបន់អង្គរឱ្យក្លាយជាគោលដៅទស្សនាប្រកបដោយគុណភាព ដោយមានការគាំទ្រដោយរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។

សូមបញ្ជាក់ដែរថា តាមរយៈវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៤នេះដែរ តំណាងក្រសួងទេសចរណ៍ ក៏បានស្នើ ដល់ភាគីពាក់ព័ន្ឋដែលចូលរួមក្នុងវេទិកានេះ ឱ្យមានកិច្ចសហការផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជំរុញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា៕អត្ថបទ៖ រង្សី