កំណាត់ចុងក្រោយផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) សង់បាន២៥% គ្រោងបញ្ចប់នៅឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

កំណាត់ផ្លូវចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ដែលភ្ជាប់ពីសិរីសោភ័ណ-ប៉ោយប៉ែត បច្ចុប្បន្នសាងសង់សម្រចបានលទ្ធផលបាន ២៥%ហើយ ខណៈផ្លូវនេះបើគ្មានអ្វីប្រែប្រួល គ្រោងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខនេះ។នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផន រឹម បានឱ្យដឹងថា កំណាត់ផ្លូវចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលសាងសង់​បានចំនួន ២៥%ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ដែរថា នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗនេះ ភ្លៀងបានបន្តធ្លាក់ឥតដាច់ ដែលជាផ្នែកមួយដ៏ធំនៃដំណើរការរាំងស្ទះខ្លះដល់ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវ។យ៉ាងណាបើតាមអ្នកនាំពាក្យខាងលើ អះអាងថា គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ (បើគ្មានការប្រែប្រួលទេ)។

ជាមួយគ្នានេះ ក្រុមការងារការដ្ឋានបានយកចិត្តទុកដាក់ខ្ពស់​លើកិច្ចការនេះ និងបានសម្រួលទាំងភ្លៀងដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋផងដែរ។ទន្ទឹមគ្នានេះ ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ក៏បានសុំខន្តីអភ័យទោសចំពោះការរំខានក្នុងអំឡុងពេលសាងសង់ ហើយការដ្ឋានបានប្រឹងប្រែងនិងខិតខំឱ្យបញ្ចប់ការងារ​សាងសង់តាមកាលវេលាដែលបានគ្រោងទុក។

សូមរម្លឹកដែរថា កំណាត់ចុងក្រោយនេះមានប្រវែង ៣៥,១៤គីឡូម៉ែត្រ គិតចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) ត្រូវបានបើកការដ្ឋានសាងសង់កាលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៕អត្ថបទ៖ រង្សី