កម្ពុជា-ទូតនូវែលសេឡង់ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យធំៗចំនួន៧ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញខ្លាំងឡើងថែមទៀត សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានវិស័យជាអាទិ៍ដូចជា៖ ការអប់រំ និងបណ្តុះបណ្តាវិជ្ជាជីវៈ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអភិរក្សវប្បធម៌ និងការពារជាតិ។
ថ្លែងក្នុងជំនួបនោះដែរ លោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនូវែលសេឡង់-កម្ពុជា ថែមទៀត ជាពិសេសតាមរយៈការខិតខំជំរុញវិនិយោគិននូវែលសេឡង់មកកម្ពុជាឱ្យបានច្រើន ព្រមទាំងបានបង្ហាញពីបំណងក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកអគ្គរាជទូតរូបនេះ ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា រដ្ឋាភិបាលនូវែលសេឡង់នឹងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសនូវែលសេឡង់ផងដែរ។
ជាមួយគ្នានេះ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ដែលបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងផ្តល់ការឧបត្ថម្ភគាំទ្រលើវិស័យជាច្រើនផ្សេងទៀត រួមទាំងសកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍នៅតំបន់អង្គរជាដើម។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះដែរ សម្តេចធិបតីបានចែករំលែកដោយសង្ខេបអំពីយន្តការ និងវិធានគន្លឹះសំខាន់ៗ ក្នុងការធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរឡើង និងប្រកបដោយភាពទាក់ទាញ ក្នុងការជំរុញកំណើនប្រកបដោយចីរភាពផងដែរ៕ អត្ថបទ៖ រង្សី