នាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកោះសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈតែមួយគឺ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២រូប ដោយក្នុងនោះ លោក ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯលោក សុខ សូកេន កូនប្រុសសម្តេចវិបុលបញ្ញា សុខ អាន មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ ដោយមានសំឡេងសមាជិកសភាគាំទ្រ ១០៦/១០៦។
ក្នុងសម័យប្រជុំវិសាមញ្ញនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរជូនចំពោះ លោក ហួត ហាក់ និង លោក សុខ សូកេន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។

សូមជម្រាបថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមក៕



