ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន មីនេបៀ(Minebea) បានបើកការដ្ឋានសាងសង់នូវរោងចក្រទី២ របស់ខ្លួន លើផ្ទៃដី ប្រមាណ ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីមួយទៀតរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនៃខេត្តពោធិ៍សាត់នេះ ក៏មានការចូលរួមដោយលោក ស៊ុន ចាន់ ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អគ្គនាយកក្រុមហ៊ុនមីនេបៀ អភិបាលខេត្តពោធិ៍សាត់ តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា ផងដែរ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ក្រុមហ៊ុន Minebea បានសម្រេចចិត្តបង្កើតរោងចក្រទី២នៅខេត្តពោធិ៍សាត់ ដោយក្រុមហ៊ុនដាក់ទុនប្រហែល៦៥០លានដុល្លារអាមេរិក រហូតដល់ឆ្នាំ២០៣០។ ហើយគម្រោងរោងចក្រនេះអាចបង្កើតការងារបាន៨ពាន់កន្លែង ផងដែរ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ក៏ធ្លាប់បានគូសបញ្ជាក់ដែរថា ការលើករោងចក្រទី២ របស់ជប៉ុនមកទីនេះ ដោយសម្លឹងឃើញសក្តានុពលនៃការគាំទ្ររបស់ថាមពលអគ្គិសនីកម្ពុជាយើងកំពុងតែផលិតថាមពលចេញពីប្រភពថាមពលកកើតឡើងវិញយ៉ាងច្រើនលើសលប់ ដែលប្រទេសយើងទៅជាប្រទេសមួយមានការទាក់ទាញ។ថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនីរបស់យើង នឹងក្លាយទៅជាជន្ទល់មួយនៃការធ្វើឱ្យរោងចក្រមានដំណើរការបន្ថែមនៅលើទឹកដីកម្ពុជា។
សូមជម្រាបជូនថា ក្រុមហ៊ុនមីនីបៀ-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ក្រុមហ៊ុននេះបានបើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារអាមេរិក៕




