ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ព្រំដែននៅតំបន់ភូមិភាគឦសានប្រទេសរបស់ខ្លួន បើទោះជាមានឬគ្មានកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម(CLV-DTA)ក៏ដោយ។សម្តេចថ្លែងបែបនេះ តាមរយៈសារជាសំឡេង ដែលផ្សាយចេញនាព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៤នេះ។
នៅក្នុងសារជាសំឡេងនោះ សម្តេចធិបតី បានបញ្ជាក់ថា តាមរយៈវេទិកាសាធារណៈជាច្រើនកន្លងមក សម្តេចធ្លាប់បានលើកឡើងថា ទោះមាន ឬមិនមានកិច្ចសហប្របត្តិការ CLV-DTA ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសានប្រទេសរបស់ខ្លួន ក៏ដូចជាធានាការការពារទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ព្រោះនេះគឺជាការចង់បានរបស់ប្រជាជនខ្មែរច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិភាគឦសានផ្ទាល់តែម្ដង។
បន្ថែមពីនេះ សម្តេចបានអះអាងថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅតែរក្សាដដែល គ្មានការប្រែប្រួល រួមទាំងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសផ្លូវក្រវាត់ព្រំដែន និង ដាក់ចេញកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគខេត្តភូមិភាគឦសាន ឆ្នាំ២០២៥ ដូចដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសកាលពីកន្លងទៅ។
ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងថា ការរៀបចំដំណើរទស្សនកិច្ចនៅខេត្តតំបន់ភូមិភាគឦសាននៅរាល់ ចុងសប្តាហ៍ចន្លោះពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ គឺនៅបន្តរក្សាដដែល បើទោះបីជាពេល នេះកម្ពុជាបានបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTAក្តី។ ការប្រកាសបន្តនូវយុទ្ធនាការដឹកពលរដ្ឋដោយឥតគិតថ្លៃនេះគឺ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសបានទៅទស្សនាដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជា៕ អត្ថបទ៖ រង្សី