លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានដល់ស្ថាប័នសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង របស់ប្រទេសចិន ឱ្យជួយជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
ការស្នើនេះ បានធ្វើឡើងក្នុងជំនួបជាមួយលោក Chen Jiaquan អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុងនាប្រទេសចិន កាលរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។
នាឱកាសនោះ ប្រធានរដ្ឋសភា លោកស្រី ឃួន សុដារី បានស្នើដល់ស្ថាប័នសភាខាងលើ ឱ្យជួយជំរុញការធ្វើពាណិជ្ជកម្ម និងជួយកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត សំដៅជំរុញការលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង។
ជាមួយគ្នានេះ លោក Chen Jiaquan តំណាងសភាចិន បានឱ្យដឹងថា ខេត្តខ្វាងតុងជាខេត្តនាំមុខគេរបស់ចិន លើការធ្វើពាណិជ្ជកម្ម ហើយរដ្ឋាភិបាល ក៏បានបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំជាងគេរបស់ចិន នៅខេត្តខ្វាងតុងឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសតំបន់ ហុងកុង ម៉ាកែវ ខ្វាងតុង។
បន្ថែមពីនេះ លោកក៏បង្ហាញការគំាទ្រចំពោះការលើកឡើងរបស់ ប្រធានរដ្ឋសភាកម្ពុជា ខណៈលោកក៏បានស្នើទៅសភាកម្ពុជាថា គណៈប្រតិភូសភាខេត្តខ្វាងតុង នឹងមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះនេះ ដើម្បីភ្ជាប់ទំនងទំនាក់រវាងកម្ពុជានិងចិនឱ្យកាន់តែជិតស្និទ្ធផងដែរ។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ពោលគឺពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែ សីហា ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។
ក្នុងរយៈពេលពេញមួយឆ្នាំនេះដែរ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប៕ អត្ថបទ៖ រង្សី
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧រដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ ធានាការពារផលប្រយោជន៍អ្នកវិនិយោគទុនក្នុងស្រុកនិងបរទេស។ កម្ពុជាមានសុខសន្តិភាព ស្ថិរភាព យ៉ាងរឹងមាំ និងមានច្បាប់វិនិយោគ បទដ្ឋានគតិយុត្តជាច្រើន ក្នុងការធានា ការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគ៕