នាពេលខាងមុខនេះ អង្ករក្រអូបរបស់កម្ពុជា នឹងហក់ចូលទីផ្សារសហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន Otis McAllister Inc.របស់អាមេរិក បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដើម្បីរួមគ្នាជំរុញលើរឿងនេះរួចរាល់ហើយ។
ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុន Otis McAllister Inc. បានធ្វើឡើងក្នុងសាន់ហ្វ្រាន់ស៊ីស្កូ ប្រទេសអាមេរិក កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ តំណាងឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយនិងក្រុមហ៊ុន Otis McAllister Inc. តំណាងដោយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា អនុស្សារណៈដែលបានចុះហត្ថលេខានាឱកាសនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងលើកកម្ពស់បន្ថែមទៀតនូវបរិមាណអង្ករកម្ពុជា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
លោកបន្តថា ក្នុងនោះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ រួមមាន៖ អង្ករផ្កាម្លិះកម្ពុជា អង្ករសែនក្រអូបប្រភេទ SKO និង SRO ក៏ដូចជាអង្ករខ្សាយមួយចំនួនទៀត ជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។ ជាងនេះទៀត លោកបញ្ជាក់ថា បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ វត្តមានអង្ករក្រោមស្លាកសញ្ញា “ផលិតនៅប្រទេសកម្ពុជា” រំពឹងថានឹងមានចំនួនកាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WalMart ជាដើម។
សូមរម្លឹកដែរថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបានជាង៣៧៩ពាន់តោន ទៅកាន់៦៤ប្រទេស ក្នុងទំហំទឹកប្រាក់ប្រមាណ២៨០លានដុល្លារ។នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានប្រកាសកាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចំពោះប្រភេទអង្ករដែលកម្ពុជាបាននាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទប្រមាណ ៧០,៥២% អង្ករគ្រាប់សគ្រាប់វែងប្រមាណ ២៤,៣០% អង្ករចំហុយប្រមាណ ៣,១៦% អង្ករសេរីរាង្គប្រមាណ១,៧៤% និងអង្ករផ្សេងៗទៀតប្រមាណ ០,២៨%៕ អត្ថបទ៖ រង្សី