ភ្នំពេញ៖ ទិន្នន័យពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជាង ៩០០០លានដុល្លារ កើនឡើងប្រមាណ២៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
កម្ពុជាបានទាក់ទាញការវិនិយោគ ជាមួយនឹងការចាប់អារម្មណ៍ជាថ្មីពីអ្នកវិនិយោគបរទេស ការនាំចេញសម្លៀកបំពាក់ប៉ាក់ និងគ្រឿងសម្លៀកបំពាក់ រកចំណូលបាន ៤,៣៦ ពាន់លានដុល្លារ កើនឡើង ២០,១%បើធៀបនឹងរយៈពេលពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣។ គ្រឿងសម្លៀកបំពាក់ មិនមែនប៉ាក់ រកចំណូលបាន ២,១១ ពាន់លានដុល្លារដោយមានកំណើន ៣១,៩% ធៀបនឹងរយៈពេលមួយឆ្នាំ។
ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ រកចំណូលបានចំនួន ១,៣៧ ពាន់លានដុល្លារ ក្នុងរយៈ៨ខែឆ្នាំ២០២៤ កើនឡើង២០,៩ % ធៀបរយៈពេលមួយឆ្នាំ។ ការនាំចេញស្បែកជើងរកបាន ចំណូល ១,០៨ ពាន់លានដុល្លារបន្ថែមទៀត ជាមួយនឹងកំណើន ២២,៤%ក្នុងរយៈពេលដូចគ្នានេះ។ ផលិតផលវាយនភ័ណ្ឌសម្រេចផ្សេងទៀតរកបាន ១៤០ លានដុល្លារ ដោយបានចុះបញ្ជីកំណើន ៤១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា បានងើបឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ ១៣,៣១%ក្នុងឆ្នាំ២០២៣ ចំពេលមានវិបត្តិសកល ធៀបនឹងឆ្នាំ២០២២ ពី១២,៨០ ពាន់លានដុល្លារដែលរកបានក្នុងឆ្នាំ២០២២ ដល់ ១១,០៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។ ការងើបឡើងវិញ នាំមកនូវភាពធូរស្រាលដ៏ធំសម្រាប់រដ្ឋាភិបាលកម្ពុជា ដែលកំពុងតែផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្មករក្នុងវិស័យនេះ ដែលបានបាត់បង់ការងារបន្ទាប់ពីការបិទរោងចក្រ ឬព្យួរការងាររបស់កម្មករនិយោជិតរោងចក្រជាច្រើន៕