ប្រភិភូកម្ពុជា ជួបបុគ្គលលេចធ្លោរបស់អាមេរិក ដើម្បីជំរុញការវិនិយោគក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងដំណើរចេញទៅគោះទ្វា វិនិយោគិននៅសហរដ្ឋអាម៉េរិក ប្រភិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)  បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយបុគ្គលលេចធ្លោក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ដើម្បីជំរុញវិនិយោគពីវិស័យឯកជន សំដៅជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំងមួយកម្រិតទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបពិភាក្សានាក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអរគុណចំពោះ លោក Chris Larsen និងលោកស្រី Lyna Lam ដែលជាបុគ្គលលេចធ្លោក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា មានដើមកំណើតខ្មែរ ដែលបានចំណាយពេលវេលាជជែកពិភាក្សាអំពីបច្ចុប្បន្នភាពនៃកម្ពុជាជុំវិញការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញវិនិយោគពីវិស័យឯកជន។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់ភាគីម៉េរិក ឱ្យជួយបញ្ជ្រាបអំពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិយើងទៅកាន់សហគមន៍ ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់បណ្តាញធុរកិច្ចទាំងក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏ដូចជាក្នុងសហរដ្ឋអាម៉េរិកទាំងមូល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

បន្ថែមពីនេះ លោក ស៊ុន ចាន់ថុល ក៏បានធ្វើការអញ្ជើញ លោក Chris Larsen និងលោកស្រី Lyna Lam ធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីបានសិក្សាស្វែងយល់បន្ថែមដោយផ្ទាល់ទៅលើទិដ្ឋភាពទូទៅនៃសង្គម ស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងសក្តានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិចារណា ពិនិត្យលទ្ធភាពក្នុងការសម្រេចចិត្តបោះទុនវិនិយោគនាពេលអនាគត ជាពិសេសក្នុង វិស័យឧស្សាហកម្មបច្ចេវិទ្យា។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ពោលគឺពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែ សីហា ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។

យ៉ាងណាមិញ តាមរយៈជំនួបខាងលើនេះដែរ ប្រភិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈជំនួបនេះ និងទស្សនកិច្ចដែលនឹងអាចកើតមាននៅពេលខាងមុខ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាម៉េរិក កាន់តែមានភាពល្អប្រសើរឡើង ហើយចំនួនវិនិយោគិនអាម៉េរិកនៅកម្ពុជា ក៏នឹងមានការកើនឡើងថែមមួយកម្រិតទៀតផងដែរ៕ អត្ថបទទ៖ រង្សី