សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) បានជម្រាបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថា ឈរលើកិច្ចសហប្រតិបត្តិការដ៏ល្អ មិត្តភាពជាប្រពៃណី មិត្តដែកថែប និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ចិននឹងកៀរគរអ្នកទេសចរ និងអ្នកវិនិយោគពីប្រទេសខ្លួន ឱ្យមកទស្សនានិងបណ្តាក់ទុននៅកម្ពុជាឱ្យបានកាន់តែច្រើន។
ការសន្យាកៀរគររបស់ឯកឧត្តម វ៉ាង ហ៊ូនីង នេះធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសភាតំណាងប្រជាជនចិនក្នុងរដ្ឋធានីប៉េកំាង។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានដាក់ចេញ និងបានសន្យារួមគ្នាថា នឹងជំរុញបន្ថែមទៀតនូវការបន្ស៊ីនៅក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងគំនិតផ្តួមផ្តើមនានារបស់ភាគីចិន ដូចជាគម្រោងខ្សែក្រវាត់និងផ្លូវ ជាមួយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ ឱ្យចេញជាលទ្ធផលជាក់ស្តែង ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ប្រធានសភាប្រឹក្សានយោបាយនៃប្រជាជនចិន ក៏បានសម្ដែងការបានអបអរសាទរជាថ្មីជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី៧ និងជាស្រ្តីដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលបានកាន់តួនាទីដ៏ឧត្តុង្គឧត្តមនេះ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមប្រធានរដ្ឋសភាហើយជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ចិនផង នោះ ក៏បានបង្ហាញពីឆន្ទៈមោះមុតរបស់ សម្តេច នៅក្នុងការចូលរួម ថែរក្សា និងលើកកម្ពស់ចំណងមិត្តភាពកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា មិត្តចិននឹងបន្តជំរុញលើកទឹកចិត្តដល់អ្នកវិនិយោគចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ជាអាទិ៍ វិស័យកសិ-ឧស្សាហកម្ម ផលិតកម្ម ឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ ភាគីទាំងពីរក៏ត្រូវចាំបាច់ជំរុញបន្ថែមទៀតពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពផលិត និងការអភិវឌ្ឍមូលធនមនុស្ស។ យើងត្រូវប្រឹងប្រែង ក្នុងការជំរុញឱ្យសម្រេចបាននូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ៕