ធនាគារពិភពលោក អនុម័តផ្តល់ហិរញ្ញប្បទាន៨០លានដុល្លារលើកកម្ពស់គុណភាពនៃការអប់រំនិងការស្រាវជ្រាវនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន៨០លានដុល្លារសម្រាប់ជួយដល់កិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងដែលមានរយៈពេល៦ឆ្នាំនេះ នឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន៩ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ តាមការរំពឹងទុក និស្សិតប្រហែល ៣២ ០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣ ០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តសកម្មភាពនានារបស់កម្មវិធី ដែលរួមមាន ការអាប់ដេតកម្មវិធីសិក្សា, ការបណ្តុះបណ្តាលគ្រូឧទ្ទេស, និងការធ្វើឌីជីថលកម្មនៃយន្តការផ្តល់ការសិក្សាអប់រំ។

គម្រោងនេះផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការរៀនសូត្រសម្រាប់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រី្តដែលជាគ្រូឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះចាប់យកស្តង់ដារហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

លោកស្រី ថានីញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ការចូលរួមការវិនិយោគលើសុខភាពនិងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និងការរៀបចំបណ្តុះបណ្តាលឱ្យបានច្រើននូវនិស្សិតបញ្ចប់ការសិក្សាដែលមានជំនាញខ្ពស់ នឹងអាចជួយកម្ពុជាក្នុងការបង្កើនភាពជឿនលឿននៃធនធានមនុស្សសម្រាប់កំណើតនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។”

គម្រោងនេះជាកិច្ចបន្តពីវឌ្ឍនភាពយ៉ាងច្រើនដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមក ក្នុងការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ នៅក្នុងបរិបទបច្ចុប្បន្នដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

ទោះបីជាលទ្ធភាពទទួលបានការអប់រំឧត្តមបានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ គឺជាកត្តាចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជាដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារនៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ គម្រោងនេះនឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨ ០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧, ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧។