កាលពីរសៀលថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិច លោក Elon Musk ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne នៃរដ្ឋឡូសអែនជែលលេស សហរដ្ឋអាមេរិច។

ទស្សនកិច្ចរបស់ប្រតិភូកម្ពុជា នាពេលនេះ តបតាមការគោរពអញ្ជើញរបស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន SpaceX ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម។
ក្នុងអញ្ជើញបំពេញទស្សនកិច្ចឈ្វេងយល់អំពីទំនើបកម្មបច្ចេកវិទ្យាឈានមុខ ដល់ទីស្នាក់ការកណ្តាលក្រុមហ៊ុន SpaceX របស់លោក Elon Musk នេះ គេក៏ឃើញមានវត្តមាន ឯកឧត្ដម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងសមាគមឧកញ៉ាកម្ពុជា រួមទាំងគណៈប្រតិភូអមដំណើរជាច្រើនរូបផ្សេងទៀតផងដែរ។
Starlink គឺជាក្រុមផ្កាយរណបអុិនធឺណិត ដែលផ្គត់ផ្គង់សេវាអុិនធឺណិតល្បឿនលឿនចល័តជាសកល គ្របដណ្តប់ជាង ១០០ប្រទេសនៅលើពិភពលោក។ ប្រតិបត្តិការនេះដំណើរការដោយ Starlink Services, LLC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SpaceX។


គួរបញ្ជាក់ថា ប្រតិភូកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងបន្តដំណើរទស្សនៈកិច្ចផ្លូវការពីរដ្ឋមួយទៅរដ្ឋមួយ និងជួបផ្លាស់ប្ដូរយោបល់ ជាពិសេសបង្ហាញពីឱកាសនៃការវិនិយោគ, វិធីសាស្រ្តគាំទ្រអាជីវកម្ម, និងការត្រៀមខ្លួន ដើម្បីបម្រើវិនិយោគិនឱ្យបានទាន់ពេល និងបានបង្ហាញពីទីតាំងយុទ្ធសាស្ត្រសម្រាប់ ឱកាសវិនិយោគជូន សភាពាណិជ្ជកម្មអាមេរិច និងភាគីអាមេរិច ដែលជាម្ចាស់ផ្ទះ រៀបចំបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនប្រតិភូកម្ពុជា៕