កញ្ញា កន្និដ្ឋា សូ ដែលមានទំព័រហ្វេសប៊ុកឈ្មោះ The Kanitha Show កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចេញសារសុំទោសជាសាធារណៈ ព្រមទាំងបានដកចេញនូវរាល់វីដេអូឃ្លីបពាក់ព័ន្ធទាំងអស់ ចំពោះកំហុសអចេតនារបស់ខ្លួន ដែលបានរិះគន់ទៅលើព្រឹត្តិការណ៍ Gumball 3000។
The Kanitha Show ថ្មីៗនេះបានបង្ហាញពីការមិនគាំទ្រចំពោះការប្រើប្រាស់ប្រាសាទអង្គរវត្តធ្វើជាឆាកបង្ហាញរថយន្តស្ព័រ ដែលកញ្ញាយល់ថាជាការមិនគោរពទៅដល់បុព្វបុរសខ្មែរ មិនគប្បីទៅនឹងទំនៀមទម្លាប់របស់ខ្មែរ និងតម្លៃរបស់អប្សរាស្រីសួគ៌។ ទោះយ៉ាងណា ទស្សនៈរបស់ The Kanitha Show បានធ្វើឱ្យសាធារណមតិជាច្រើន យល់ថាពុំត្រឹមត្រូវនោះទេ ព្រោះព្រឹត្តិការណ៍ Gumball 3000 ជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ និងជាព្រឹត្តិការណ៍ដ៏កម្រកើតមានឡើងនៅកម្ពុជា។ ជាពិសេស ព្រឹត្តិការណ៍នេះបានជួយផ្សព្វផ្សាយដល់វិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកកាន់តែសុះសាយ ព្រមទាំងវិស័យផ្សេងៗទៀត ក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។
បន្ទាប់ពីបានដឹងពីកំហុសអចេតនារបស់ខ្លួន The Kanitha Show បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ដូច្នេះថា៖ “ឱ្យខ្ញុំសូមអភ័យទោសផង ខ្ញុំបានដឹងខុសហើយ”។
ព្រឹត្តិការណ៍ Gumball 3000 x Chip Mong កាលថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា នៅកម្ពុជា បញ្ចប់ទៅដោយភាពរីករាយ ការចងចាំល្អៗ ទទួលបានការសាទរពីប្រជាជនកម្ពុជា និងការគាំទ្រពីថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ពិសេសគឺការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលកម្ពុជាដោយផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 x Chip Mong នៅកម្ពុជានេះ បានជះឥទ្ធិពលវិជ្ជមានជាច្រើនមកកាន់ប្រទេសកម្ពុជា រួមមាន៖ ការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ ការផ្ដល់ជំនួយសប្បុរសធម៌ទៅកាន់មន្ទីពេទ្យកុមារអង្គរ ឱកាសនៃទំនាក់ទំនងពាណិជ្ជកម្មទៅវិញទៅមករវាងវិនិយោគិនក្នុងស្រុក និងបរទេស និងការបំបែកកំណត់ត្រាពិភពលោកជាដើម៕