ប្រតិភូនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មចិនជាច្រើនរូប ដូចជា អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុន CGN Energy International Holdings និងប្រធានសមាគមសភាពាណិជ្ជកម្ម ចិន-ជាំងស៊ូ ប្រចាំនៅកម្ពុជា ជាដើម បានបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជា។
ការបង្ហាញបំណងចង់ស្វែងយល់ពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) របស់ប្រតិភូនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្មចិននេះ ធ្វើឡើងក្នុងពេលដែល លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
នៅក្នុងឱកាសនោះ លោក សរ សិនិរ៉ា បានជម្រាបជូនគណៈប្រតិភូ អំពីព័ត៌មានចំបាច់មួយចំនួនពាក់ព័ន្ធនឹងកំណើននៃរំហូរការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា រយៈពេលមួយឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី ៧ អំពីរបបលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់និងបទដ្ឋានគតិយុត្តនិងគោលនយោបាយនានា ពាក់ព័ន្ធនឹងការវិនិយោគ ដោយលោកបានសង្កត់បញ្ជាក់ថា សកម្មភាពវិនិយោគលើវិស័យថាមពលស្អាតនេះ ក៏ជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យអាទិភាពក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ លោក សរ សិនិរ៉ា ក៏បានបញ្ជាក់ជូនគណៈប្រតិភូអំពីការត្រៀមលក្ខណៈរួចជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនវិនិយោគិន ជាពិសេសនិន្នាការក្នុងបរិបទដែលតំបន់និងអន្តរជាតិ បាននិងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ។
ជាមួយគ្នានេះ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បបានលើកទឹកចិត្តឱ្យវិនិយោគិន បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។
សូមជម្រាបជូនថា ក្រុមហ៊ុន CGNEI នាពេលបច្ចុប្បន្ន មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន ៤៩ គម្រោង ដែលមានភាពរីករាលដាលរហូតដល់ ១៦ ប្រទេសនៅលើពិភពលោក ដែលរួមមាន ប្រទេសម៉ាឡេស៊ី, ប្រទេសកូរ៉េខាងត្បូង, និង ប្រទេស អារ៉ាប់រួម៕