សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកបើកបរនៅលើដងផ្លូវ ត្រូវមានស្មារតីគោរពច្បាប់ បើកបរដោយស្វ័យទទួលខុសត្រូវ និងមានការយោគយល់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ។
នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ ខណៈបច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងច្រើន និងជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់។ ទន្ទឹមគ្នានេះ សម្ដេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរដោយមានការយោគយល់គ្នានាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។
សូមបញ្ជាក់ដែរថា ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋកម្មករ-កម្មការិនីទៅមកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃដោយឥតគិតថ្លៃ។
រថយន្តក្រុង ចំនួន៦៥៣គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ [ជិះដោយមិនបង់ប្រាក់]»។ ចំពោះសេវាកម្មដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន១០០គ្រឿង។ ដោយឡែក សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៤៩៧គ្រឿង មានគោលដៅ និងទីតាំងផ្សេងៗគ្នា។
ការដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ពលរដ្ឋជិះដោយឥតបង់ប្រាក់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ពិសេសរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាឱកាសភ្ជុំបិណ្ឌ៕ អត្ថបទ៖ រង្សី