លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយ អ្នកតំណាងរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានជម្រាប់ជូន អ្នកតំណាងលោកស្រីនាយកហិរញ្ញិក នៃរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម។
បន្ថែមពីនេះ លោកថា កម្ពុជាក៏មានកម្លាំងជាយុវជនវ័យក្មេងរហូតដល់៦០% ដែលអាចចូលរួមបញ្ចេញសក្ដានុពលសម្រាប់ការអភិវឌ្ឍប្រទសជាតិក្នុងរយៈពេលយូរបន្ថែមទៀត ខណៈប្រជាជនកម្ពុជាមួយចំនួនធំនាពេលបច្ចុប្បន្នក៏អាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អប្រសើរ រួមមានភាសាអង់គ្លេស ដែលនឹងផ្ដល់លទ្ធភាពខ្ពស់សម្រាប់ការទំនាក់ទំនង និងការអនុវត្តកិច្ចការងារផ្សេងៗថែមទៀត។
យ៉ាងណាមិញ តាមរយៈជំនួបនេះ ប្រតិភូកម្ពុជា ក៏បានបង្ហាញសុទិដ្ឋិនិយមថា នឹងទទួលបានការគាំទ្រពី រតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងការចូលរួមជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ស្របតាមការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋភិបាល ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការ នឹងសម្របសម្រួលរាល់កិច្ចការងារនានារបស់វិនិយោគិន ដែលមានគម្រោងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយ ស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលតី៧ នៃរដ្ឋសភា ២២ សីហា ឆ្នាំ២០២៣-២២សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោង ដែលមានទឹកប្រាក់ប្រមាណ៧,៦ពាន់លានដុល្លារ។
សម្តេចធិបតី អះអាងថា ក្នុងចំណោមគម្រោងទាំងនោះ មានវិនិយោគិនពីបរទេស មកពីចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា កូរ៉េខាងត្បូង ស៊ុយអែត អាស៊ាន សហភាពអឺរ៉ុប អូស្រ្តាលី និងពីបណ្តាប្រទេសជាច្រើនទៀត។យ៉ាងណាមិញ សម្តេចធិបតី ក៏បានជំរុញឱ្យបណ្តារអ្នកវិនិយោគចុះមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ខណៈរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តគាំទ្រជាច្រើនដល់វិនិយោគបទេសផងដែរ៕ អត្ថបទ៖ រង្សី