ភ្នំពេញ៖ មោទកភាពផលិតផលភេសជ្ជៈ «Made in Cambodia» គុណភាពស្តង់ដារពិភពលោក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើរតួនាទីជួយជំរុញ និងផ្សព្វផ្សាយពីសក្ដានុពលផលិតផលកម្ពុជា ដោយបានចូលរួមជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់តាំងបង្ហាញផលិតផលភេសជ្ជៈរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នេះ។
ដោយសារតែស្តង់ដារ និងគុណភាពនៃផលិតផល គ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស ត្រូវបានរៀបចំ និងយកទៅដាក់តាំងបង្ហាញជាសមិទ្ធផលឧស្សហកម្មដែលមានសញ្ញាសម្គាល់ «Made in Cambodia» របស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដោយក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ។
សូមជម្រាបជូនផងដែរថា ព្រឹត្តិការពិព័រណ៍ចិន-អាស៊ាន លើកទី២១ ប្រព្រឹត្តទៅក្រោមមូលបទ “លើកកម្ពស់មិត្តភាពស្មោះត្រង់ រួមគ្នាអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមកុដពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន និងអាស៊ាន ដើម្បីកំណើនក្នុងតំបន់”។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម ឧស្សាហកម្ម វាយនភ័ណ្ឌ សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍ ក្នុងចំណោមផលិតផលទាំងនោះ ក៏មានផលិតផលភេសជ្ជៈរបស់ ខ្មែរ ប៊ែវើរីជីស ផងដែរ។
គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពអាចផលិតបានគ្រប់ប្រភេទនៃស្រាបៀរ និងភេសជ្ជៈ ដូចជា៖ ទឹកពិសាកម្ពុជា, ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ទាំងមានហ្គាស ឬ អត់ហ្គាស រួមមាន ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ទឹកក្រូច និងភេសជ្ជៈគ្រប់រសជាតិ រួមមាន ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍កូឡា, ទឹកក្រូចអាយស៍រសជាតិផ្លែឈើចម្រុះ, ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មារ, ព្រមទាំង ស្រាបៀរគ្រប់ប្រភេទ CAMBODIA PREMUIM BEER, CAMBODIA LITE, CAMBODIA SUPREME, និងប្រភេទស្រាបៀរពិសេសផលិតថ្មីៗដោយស្នាដៃអ្នកជំនាញកូនខ្មែរ CAMBODIA MASTERCRAFT BEER ផងដែរ៕