គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដែលមានតម្លៃជិត១៨៥លានដុល្លារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការអនុវត្តជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកអនុវត្តគម្រោង។
គម្រោងដែលមានរយៈពេល៥ឆ្នាំនេះ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៦៣លានដុល្លារ ជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ៤,៣លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និងប្រមាណ១៧,៦លានដុល្លារ ជាការវិនិយោគពីវិស័យឯកជន។
គម្រោងនេះ មានគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។
សមាសធាតុទី១នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង ដោយពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងតំបន់ទាំងនោះ។ ប្រតិបត្តិករទឹកស្អាតឯកជនក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ទទួលបានជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុពីគម្រោងនេះផងដែរ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កំពុងចាត់ចែងអនុវត្តសកម្មភាពការងារជាយុទ្ធសាស្ត្រមួយចំនួន ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ, ការសិក្សារៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតតាមបណ្តាខេត្ត, ការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទឹកស្អាត ពិសេសរដ្ឋាករទឹកសាធារណៈ, ការពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការរៀបចំយន្តការហិរញ្ញវត្ថុនិងស្ថាប័ន ដើម្បីពន្លឿនកំណើននៃវិស័យនេះ។
លោកបានបន្ថែមថា “គោលដៅចម្បង គឺអង្គភាពរដ្ឋាករទឹកទាំងអស់ត្រូវមានសមត្ថភាពរឹងមាំក្នុងរយៈពេល៣ ទៅ ៤ឆ្នាំខាងមុខ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលអន្តរាគមន៍ផ្គត់ផ្គង់ទឹកស្អាតតាមគ្រប់រូបភាពនៅតាមតំបន់នានា និងឆ្លើយតបបានតាមតម្រូវការរីកចម្រើននៃវិស័យឧស្សាហកម្ម ធុរកិច្ច និងទីផ្សារ ក៏ដូចជាវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជាជារួម ខណៈដែលយើងកំពុងវិវត្តឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលពឹងផ្អែកលើឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។”
លោក ហែម វណ្ណឌី បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករទឹកស្អាត ដើម្បីដោះស្រាយបញ្ហានៃការបាត់បង់ប្រភពទឹក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ក្រសួងក៏កំពុងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកលើបណ្តាញទឹកស្អាតផងដែរ៕