ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញានិងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែលត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥” ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។

គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា ។ លើសពីនេះ គម្រោងក៏មានគោលបំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្ម ដែលជំរុញដោយកម្មសិទ្ធិបញ្ញារវាងសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េ និងកម្ពុជា តាមរយៈជំនាញរបស់អ្នកជំនាញទាំងនេះ។
ក្នុងឱកាសបើកវគ្គតម្រង់ទិសមុនចេញដំណើរ លោកស្រី លី សេជីន (Lee Sejin) នាយិការងប្រចាំប្រទេសនៃការិយាល័យកយកា ប្រចាំកម្ពុជា បានសម្តែងក្តីសង្ឃឹមថា កម្មវិធីនេះនឹងបំពេញតាមគោលបំណងរបស់ខ្លួន ផ្តល់នូវបទពិសោធន៍ដ៏ល្អមួយ និងលើកកម្ពស់សមត្ថភាពរបស់សិក្ខាកាមទាំងអស់។ លោកស្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យទទួលបានឱកាសពិសេសនេះ ដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍរបស់ប្រទេសកូរ៉េ អំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ និងចែករំលែកចំណេះដឹងដែលទទួលបាននៅពេលត្រឡប់មកកម្ពុជាវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងកម្មវិធីតម្រង់ទិសមុនការចេញដំណើរនេះ មន្ត្រីកយកា-KOICA ប្រចាំប្រទេសកម្ពុជា ក៏បានផ្តល់នូវទិដ្ឋភាពសង្ខេបនៃវគ្គបណ្តុះបណ្តាល និងសិក្ខាកាមបានយល់ពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA។ កម្មវិធីនេះក៏មាន កម្មសិក្សាការី ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសកូរ៉េ តាមរយៈកយកា-KOICA បានចែករំលែកព័ត៌មាន និងបទពិសោធន៍ ដែលមានប្រយោជន៍អំពីជីវិតនៅក្នុងប្រទេសកូរ៉េ និងមន្រ្តីកយកា-KOICAបានគូសបញ្ជាក់ពីគោលការណ៍ណែនាំសំខាន់ៗ រួមទាំងក្រមសីលធម៌ និងគោលនយោបាយទាក់ទងនឹងការបៀតបៀនផ្លូវភេទផងដែរ។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤មក កម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA បានគាំទ្រដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលមានសិក្ខាកាមបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលសរុបចំនួន៣ ៧៧៣នាក់ ក្នុងកម្មវិធីជំនួយផ្សេងៗ ដូចជា កម្មវិធីបណ្តុះបណ្តាលសម្រាប់ប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស៕

