ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណ ៦២.៤៩៧នាក់ កើនឡើងជិត៥០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងទេសចរណ៍ បានឱ្យដឹងថា ជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដោយគិតក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ចំនួន ៦២.៤៩៧នាក់ កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
ជាមួយគ្នានេះ កម្ពុជា តាមរយៈក្រសួងទេសចរណ៍ ក៏បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ផងដែរ។

តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” នេះ ក្រសួងទេសចរណ៍បានបង្ហាញក្តីរំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជា ភ្ញៀវទេសចរជប៉ុនបានបង្ហាញវត្តមានយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ប្រមាណជិត៥៥០០០ នៅឆមាសទី១ នៃឆ្នាំ២០២៤។ តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” កម្ពុជាក៏បានផ្សព្វផ្សាយទិសដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយនូវយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប ២០២៤ ស្របតាមកម្មវិធីនយោបាយទេសចរណ៍ នៅក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅទាក់ទាញទេសចរ និងវិនិយោគិនជប៉ុនមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀតផងដែរ៕


