សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្តីរំពឹងទុកថា កម្ពុជានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦ខាងមុខនេះ ខណៈសម្តេចក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជាផងដែរ។

សម្តេចអំពាវនេះបែបនេះ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងសារលិខិតនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី ត្រីភាគី ពហុភាគីលើគ្រប់វិស័យរាប់ទាំងវិស័យទេសចរណ៍នេះផង កម្ពុជាតែងតែគោរពទៅលើគោលការណ៍ សន្តិសហវិជ្ជមាន (Peaceful Coexistence) របស់សហគមន៍អន្តរជាតិ ហើយដែលសកម្មភាពទាំងអស់នេះបានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរួមទាំងលើក កម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ សម្តេចបន្តថា ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ ទេសចរណ៍ និងសន្តិភាព សម្ដេច ក៏បានអំពាវនាវដល់គ្រប់ភាគីព័ន្ធទាំងអស់ រួមគ្នា ជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ជា ប្រពៃណីរបស់ប្រជាជន ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។

គួរបញ្ជាក់ថា នៅក្នុងសារលិខិតដដែល សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអះអាងដែរថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងទទួលនូវកំណើនភ្ញៀវទេសចរ អន្តរជាតិជាបណ្តើរៗ។ ក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥.៤៥លាននាក់ កើនឡើង ១៣៩.៥% ធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាក់ស្តែង ៧ខែដើមឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ៣,៧០០,០០០នាក់ ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិប្រមាណជិត ៦លាននាក់ និងប្រមាណ ៧លាននាក់ នៅឆ្នាំ២០២៦ ខាងមុខនេះ៕ អត្ថបទ៖រង្សី
