គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលបានធ្វើការប្រឡងជ្រើសរើស មន្រ្តីបច្ចេកទេសកសិកម្មចំនួន២៥០នាក់ និងបានដាក់ពង្រាយនៅតាមគោលដៅចំនួន២៥០ឃុំ នៅក្នុង៨៩ស្រុក និង១៧ខេត្ត ដែលបានចុះជួបផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មជូនដល់ប្រជាកសិករបានសរុបជិត១២ម៉ឺនគ្រួសារ។
លើសពីនេះ នៅឆ្នាំ២០២៥ខាងមុខ រាជរដ្ឋាភិបាលនឹងរើសមន្ត្រីកសិកម្មចុះតាមមូលដ្ឋានឱ្យបាន ១,០០០នាក់ ដើម្បីជួយផ្តល់បច្ចេកទេសកសិកម្មដល់ប្រជាកសិករនៅតាមឃុំ-សង្កាត់។
តើមន្រ្តីកសិកម្មឃុំ អាចជួយសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវជូនកសិករយ៉ាងដូចម្តេចខ្លះ?
ពាក់ព័ន្ធនឹងការឆ្លើយតបសំណួរខាងលើ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈទំព័រហ្វេសប៊ុកកាលពីពេលថ្មីៗនេះ បានពន្យល់ថា មន្រ្តីកសិកម្មឃុំ អាចជួយសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវជូនកសិករដូចខាងក្រោម៖
១, សម្របសម្រួលពេលវេលា ទីកន្លែងច្រូត ទំហំដីត្រូវច្រូត គុណភាព និងបរិមាណស្រូវត្រូវច្រូតតាមថ្ងៃទៅតាមប្រភេទពូជ (កាលវិភាគច្រូតទៅតាមប្រភេទពូជ)។
២, សម្របសម្រួលរៀបចំទីកន្លែងប្រមូលផ្តុំ និងប៉ាន់ស្មានបរិមាណស្រូវប្រមូលផ្តុំប្រចាំថ្ងៃទៅតាមប្រភេទពូជ។
៣, ទំនាក់ទំនងជាមួយរោងម៉ាស៊ីន ឬអ្នកប្រមូលទិញស្រូវ ឲ្យបានច្រើនថ្ងៃមុនពេលច្រូត និងចរចាតម្លៃទៅតាមប្រភេទពូជ និងគុណភាពស្រូវ។
៤, ទំនាក់ទំនងជាមួយម្ចាស់ម៉ាស៊ីនច្រូតឲ្យបានច្រើនថ្ងៃមុនពេលត្រូវច្រូត ដើម្បីសម្របសម្រួលសេវាច្រូត ហើយចរចាតម្លៃច្រូតទៅតាមទំហំដីត្រូវច្រូតប្រចាំថ្ងៃ និងគុណភាពនៃការច្រូត។
៥, ជួយសម្របសម្រួលពេលប្រមូលផល ពេលប្រមូលផ្តុំដឹកជញ្ជូន និងពេលខ្លះជួយនាំស្រូវដល់រោងម៉ាស៊ីនថែមទៀតផង។
លោកបន្តថា តាមរយៈការសម្របសម្រួលដូចខាងលើនេះ នឹងជួយឲ្យកសិករកាត់បន្ថយហានិភ័យទីផ្សារនៅពេលប្រមូលផល ទទួលបានតម្លៃសមរម្យ ហើយក៏បង្កភាពងាយស្រួលដល់អ្នកផ្តល់សេវាច្រូត និងប្រមូលទិញស្រូវ ដែលជារួមគឺលើកស្ទួយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍ទាំងកសិករ និងអ្នកពាក់ព័ន្ធ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលគ្រប់អាណត្តិ រួមទាំងអាណត្តិទី៧នេះ មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ។ ជាក់ស្តែង រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ៖១.ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ២.ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និង៣.ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
កម្មវិធីគោលនយោបាយទាំងបីនេះ បាននិងកំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ របស់រាជរដ្ឋាភិបាលសម្រាប់រក្សាលំនឹងតម្លៃស្រូវ៕