សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នំអន្សម មានកំណើតតាំងពីបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នំអន្សម មានកំណើតតាំងពីបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ ខណៈសម្តេចធិបតី ក៏បានបង្ហាញពីសកម្មភាពនៃធ្វើនំអន្សមនា រដូវកាលបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងបង្ហោះពីអត្ថន័យនិងសារៈសំខាន់នៃការវេចនំអន្សមខ្មែរថា នំអន្សម មានកំណើតតាំងពីបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ។ ប្រជាជនខ្មែរ តែងតែជួបជុំគ្នា វេចនំអន្សមនារដូវ បុណ្យភ្ជុំបិណ្ឌ ចឹងហើយទើបហៅថា «ភ្ជុំបិណ្ឌវេចនំអន្សមជុំញាតិមិត្ត» ។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានឱ្យដឹងទៀតថា របៀបធ្វើ យើងប្រើ ស្លឹកចេក ឬស្លឹកផ្អាវ ហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកស្លឹកចេកមកជូតឱ្យស្អាត និងត្រូវត្រៀមខ្សែ សម្រាប់ចង ។ លាងអង្ករដំណើបទុកឱ្យស្ងួត ហើយត្រូវលាងសណ្ដែកលឿងទុកឱ្យស្រស់ទឹក។ លាស្លឹកចេកទ្រាប់លើគ្នាឲ្យក្រាស់ ល្មម ហើយត្រូវដាក់អង្កររាយលើស្លឹកចេក ។ រោយសណ្ដែកលឿងពីលើរួចដាក់ សាច់ជ្រូកហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។

ត្រូវចងឱ្យណែនល្អ ទើបនៅពេលស្ងោរ ទឹកមិនចូលក្នុងនំ ដែលអាចធ្វើឱ្យអង្កររលាយចេញ។ ការស្ងោរត្រូវចំណាយពេលប្រមាណពី៥ ទៅ៦ម៉ោង ទម្រាំតែឆ្អិនល្អ។ យើងត្រូវនៅចាំមើលតជាប់ជានិច្ច ។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេច។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឱ្យចូលរួមថែរក្សា វប្បធម៍ ប្រពៃណី និងទំនៀមទំលាប់ពីសកម្មភាពវេចនំអន្សមដែលបន្សល់ទុកពីដូនតាយើងផងដែរ៕