កម្ពុជារំពឹងថាសម្រាប់ឆ្នាំ ២០២៥-២០២៧ រំហូរការវិនិយោគផ្ទាល់ពីបរទេសនឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្ត វិនិយោគជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។
ផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ដល់២០២៧ បានឲ្យដឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេស ត្រូវបានរំពឹងថានឹងបន្តកើនដល់ប្រមាណ ៤ ២៥០ លានដុល្លារអាមេរិក សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។
ទន្ទឹមនឹងនេះ ទុនបម្រុងអន្តរជាតិក៏ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣ លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨.០ ខែនៃការនាំចូល។
របាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥-២០២៧ រំហូរការវិនិយោគផ្ទាល់ពីបរទេស ត្រូវបាន ព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្ត វិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត «ច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយគាំទ្រមួយចំនួនទៀត។
ដោយផ្អែកលើមូលដ្ឋាននេះ ក្នុងរយៈពេលមធ្យមខាងមុខ កម្ពុជារំពឹងថានឹងអាចទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ។ជាលទ្ធផល ទុនបម្រុងអន្តរជាតិនឹងបន្តកើន ដោយមានទំហំជាមធ្យម ប្រមាណ ៧ ខែនៃការនាំចូល។
សូមជម្រាបជូនថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាស្ថិតក្នុងអត្រា ៦,៣% ក្នុងឆ្នាំ ២០២៥ និងជាមធ្យម ៦,៦% សម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលក្នុងនោះ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថាមានកំណើនល្អប្រសើរក្នុងអត្រា ៨.៦% ក្នុងឆ្នាំ ២០២៥ និងក្នុងរង្វង់អត្រា ៩,០% សម្រាប់រយៈពេលមធ្យម ២០២៦-២០២៧ វិស័យសេវាកម្ម នឹងមានកំណើនក្នុងអត្រាប្រមាណ ៥,៦% ក្នុងឆ្នាំ ២០២៥ និង ប្រមាណ ៥,៧% សម្រាប់រយៈពេល មធ្យម ២០២៦-២០២៧ និងវិស័យកសិកម្ម នឹងមានកំណើន ១,១% ក្នុងឆ្នាំ ២០២៥ និង ១,៣% សម្រាប់ ២០២៦-២០២៧៕