សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ខណៈសម្តេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង បន្តរៀបចំព្រឹត្តិការណ៍ថ្មីៗនាថ្ងៃអនាគតបន្ថែមទៀតផងដែរ។
ថ្លែងក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព កាលព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត។
គួររម្លឹកផងដែរថា កម្ពុជា ទើបតែបានបញ្ចប់ព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យកាលពីពេលថ្មីៗនេះ។តាមរយៈព្រឹត្តិការណ៍នៅកម្ពុជា ក៏បានកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបរហូតដល់ ៤៥ម៉ឺនដុល្លារអាម៉េរិកផងដែរ។
យ៉ាងណាមិញ តាមរយៈព្រឹត្តិការណ៍នេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ ទន្ទឹមគ្នានេះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប៕ អត្ថបទ៖ រង្សី