គិតមកដល់ពេលបច្ចុប្បន្ននេះ ព្រឹត្ដិការណ៍ធំៗ សំខាន់ៗចំនួន៦ត្រូវបានបំបែកឯកទគ្គកម្មពិភពលោក នៅក្នុងទឹកដីខេត្ដសៀមរាប ក្នុងនោះព្រឹត្ដិការណ៍ចុងក្រោយគឺ Gumball 3000 x Chip Mong ដែលជាការបង្ហាញរថយន្ដទំនើបនៅមុខប្រាសាទអង្គរវត្ដច្រើនជាងគេនៅលើពិភពលោក។
បើតាមការបញ្ជាក់ឱ្យដឹងពីសហភាពសហព័ន្ធយុវជនកម្ពុជា នៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានបំបែកឯកទគ្គកម្មពិភពលោកជាច្រើនមានដូចជា៖
១, ការបត់បេះដូងក្រដាសច្រើនជាងគេ


២, ក្រមាវែងជាងគេ


៣, ទូកងវែងជាងគេ


៤, ការរាំម៉ាឌីហ្សុនដែលមានមនុស្សច្រើនជាងគេ


៥, អន្សមយក្ស


៦, Gumball 3000 x Chip Mong


ជាមួយនឹងការបំបែកឯកទគ្គកម្មពិភពលោកចុងក្រោយនេះរបស់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ថា គឺធ្វើឡើងបន្ទាប់ពីមានការវិនិច្ឆ័យដ៏ស្វិតស្វាញរយៈពេលជិត ១សប្តាហ៍ ទើបធ្វើឱ្យព្រឹត្ដិការណ៍ Gumball 3000 x Chip Mong ត្រូវបានស្ថាប័នហ្គីណេស សម្រេចផ្តល់ឯកទគ្គកម្មពិភពលោក។
ជាមួយគ្នានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធរួមមាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងក្រុមការងារព្រឹត្តការណ៍ Gumball 3000 Rally2024 ដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវមោទនភាពមួយនេះ។ យើងបានធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ លើសពីសម្បត្តិបេតិកភណ្ឌ និងធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេស ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាជនយើងផងដែរ។
គួររលឹកផងដែរថា មហាព្រឹត្ដិការណ៍ Gumball 3000 x Chipmong Group បានប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ ពោលកាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះ នាថ្ងៃទី១៧ ខែកញ្ញា កម្ពុជា និងស្ថាប័ន Gumball 3000 បានបង្កើតប្រវត្តិសាស្ត្រថ្មីរួមគ្នាលើទឹកដីអច្ឆរិយៈ ដែលមានការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុត បង្កើតបានជាកំណត់ត្រាពិភពលោកថ្មី Guiness World Record ដែលមានរថយន្ត Supercar និង Hypercar ចូលរួម ចតមុខប្រសាទអង្គរវត្តដែលជាបេតកភណ្ឌពិភពលោកច្រើនបំផុត៕