គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើវិស័យឯកជនរបស់អាម៉េរិក មកបណ្ដាក់ទុនវិនិយោគលើវិស័យចំនួន៣នៅកម្ពុជា។

ការស្នើរបស់លោក ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងពេលដែលលោកចូលជួបពិភាក្សាការងារជាមួយវិស័យឯកជនរបស់សហរដ្ឋអាម៉េរិកចំនួន ៣ស្ថាប័ន ដើម្បីផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគនៅកម្ពុជា នៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាម៉េរិក នារសៀលថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់)។
តាមការបញ្ជាក់របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កម្ពុជាបានជួបពិភាក្សារការងារជាមួយវិស័យឯកជនចំនួន ៣ស្ថាប័ន លើវិស័យថាមពល, វិស័យពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce), និងសុខាភិបាល ដើម្បីផ្សព្វផ្សាយនិងពន្យល់លម្អិតអំពីបរិយាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ទន្ទឹមនឹងនោះដែរ លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីព័ត៌មានជាសក្តានុពលសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជាផងដែរ។ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូ ក៏បានស្នើក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅកម្ពុជា លើវិស័យថាមពល វិស័យសុខាភិបាល និងការដាក់លក់ផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដែលជាមុខសញ្ញាវិនិយោគរបស់ក្រុមហ៊ុនផងដែរ៕



