ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) មានទឹកប្រាក់ ២២,៩២ ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយសមាជិក RCEP រួមមាន ចំនួន ៦២ ភាគរយនៃទំហំពាណិជ្ជកម្មសរុបមានតម្លៃ ៣៦.៩៤ ពាន់លានដុល្លាររបស់ខ្លួន ក្នុងអំឡុងរយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ នេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម៨ខែ ឆ្នាំ២០២៤នេះ គឺកើនឡើងប្រមាណ ១៧,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់លានដុល្លារ ។
មន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា RCEP គឺជាកត្តាជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជា និងជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់ប្រទេស និងជំរុញដល់សមាហរណកម្មពាណិជ្ជកម្មក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ប្រទេសសមាជិកទាំងអស់ និងបានចូលរួម ចំណែកយ៉ាងច្រើនក្នុងការបើកទីផ្សារនាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ។នេះបើតាមការឱ្យដឹងតាមរយៈក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងនេះ គ្រប់ដណ្តប់ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០%នៃប្រជាជនពិភពលោក និងមានទំហំផលិតផលក្នុងស្រុកសរុបប្រមាណ២៦.២ទ្រីលានដុល្លារ ឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕