ប្រទេសកម្ពុជា នឹងទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រកាសជាផ្លូវការ នូវការនៅវិមាន Grand Palais ទីក្រុងប៉ារីស ដោយមានការទះដៃអបអរសាទរ យ៉ាងកងរំពង ពីបណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស បានឱ្យដឹងថា បន្ទាប់ពីការប្រកាស ក៏មានការចាក់បញ្ចាំងវីដេអូ ស្តីពីប្រទេសកម្ពុជា ដែលបង្ហាញថា កម្ពុជាជាប្រទេស ដែលមានវប្បធម៌ជាចលករ មួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និងអនាគតរួបរួមគ្នា ប្រកបដោយសុខដុមរមនា។

កាលល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា សព្វព្រះរាជហឫទ័យបានយាងចូលរួម ក្នុងពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។ពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត។
នាឱកាសនោះ ព្រះអង្គក៏មានព្រះរាជបន្ទូលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុង នាមជាប្រទេសម្ចាស់ផ្ទះ ដើម្បីរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជាឱកាសដ៏ ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។
សូមរម្លឹកដែរថា ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។
នាពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំងត្រូវបានវាយតម្លៃថាមានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង៕