២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) តើកម្ពុជាទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ?

សង្គម​ និង​សេដ្ឋកិច្ច

បន្ទាប់ពីការចរចាជាច្រើនឆ្នាំ កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើក្នុងរយៈពេល២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ?

ពាក់ព័ន្ធនឹងការស្រាយនូវសំណួរខាងលើ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ដូចខាងក្រោម៖

 ១. ច្រកចូលទីផ្សារសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favored Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត។GDP ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារ ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារ។

ចំណែកការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារ នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារ នៅឆ្នាំ២០២៣។

ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ  ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។

២. ការធ្វើអោយប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់៖ កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើនរួមមាន ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងចុះបញ្ជីពាណិជ្ជកម្ម  និងច្បាប់វិនិយោគថ្មី ជាដើម។

៣. ការធ្វើពិពិទកម្មការនាំចេញ៖ កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិទកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជាសំលៀកបំពាក់ និងវាយនភណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។

៤. ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើអោយប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាព។

 ៥. ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល៖ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយ ក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

 ៦. ប្រព្រឹត្តកម្មពិសេស និងដោយឡែក៖ ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួចមួយ កម្ពុជាទទួលផលពីបទប្បញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបាន ច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតអោយកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាមេរិក ជាដើម។

៧. ការកាត់បន្ថយភាពក្រីក្រ៖ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។

៨. ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច៖ កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១។

បើតាមក្រសួងពាណិជ្ជកម្មា សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើអោយប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ការលើកស្ទួយវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស ដែលរួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤នេះ៕