សហគមន៍ទំនើបស្វាយចន្ទីចំនួន៣នៅកំពង់ធំ បើកដំណើរការ

សង្គម​ និង​សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើប«ប្រាសាទសំបូររុងរឿង»,សហគមន៍កសិកម្មទំនើប«កំពង់ធំសាលាវិស័យ»និងសហគមន៍កសិកម្មទំនើប«ទំរីងកំពង់ធំ» ដែលមានមូលដ្ឋាននៅខេត្តកំពង់ធំទើបនឹងបើកដំណើរការជាផ្លូវការដំណាលៗគ្នាថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖សហគមន៍កសិកម្មទំនើបទាំង៣នេះមានផ្ទៃដីផលិតកម្មសរុបជាង១ពាន់ហិកតា។

លោកបានបញ្ជាក់ថា៖ សហគមន៍ទាំង៣នេះអាចមានសមត្ថភាពបញ្ជាទិញជីរួមគ្នាទាំងជីសរីរាង្គនិងជីគីមី ក្នុងទំហំប្រហែល៣៥០តោនក្នុងពេលតែមួយ ដែលជាមូលហេតុចម្បងធ្វើឱ្យសហគមន៍ទាំងនេះអាចសន្សំសំចៃលើការចំណាយថ្លៃជីសរុបក្នុងចន្លោះពី១០០លានរៀល រហូតដល់១៥០លានរៀល ប្រសិនបើធៀបទៅនឹងការចំណាយលើថ្លៃជីរបស់កសិករម្នាក់ៗបូកបញ្ចូលគ្នា មុនពេលចូលរួមជាសមាជិកនៃសហគមន៍កសិកម្មទំនើប ព្រោះអ្នកខ្លះធ្លាប់តែទិញរាយម្តងបន្តិចៗ ឬទិញជំពាក់រហូតដល់ពេលប្រមូលផលទើបទូទាត់សង។

លោកអនុរដ្ឋលេខាធិការបានលើកឡើងថា៖«អ្វីដែលរឹតតែប្រសើរជាងនេះទៅទៀតនោះគឺ សមាជិកម្នាក់ៗមិនគ្រាន់តែអាចទិញធាតុចូលក្នុងតម្លៃទាបជាងការទិញរៀងៗខ្លួននោះទេ តែពួកគាត់ក៏មិនចាំបាច់ចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការដាំដុះដែរ ក្រោយពេលចូលរួមនៅក្នុងសហគមន៍កសិកម្មទំនើប»។

គួរជម្រាបថា៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយក្នុងការជំរុញរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម សម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រទាំងក្នុងបញ្ហាបច្ចេកទេស ដើមទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការចងក្រងសហគមន៍កសិកម្មទំនើបស្វាយចន្ទី នឹងផ្សារភ្ជាប់សហគមន៍ទៅកាន់ទីផ្សារដោយផ្ទាល់តាមរយៈការសម្របសម្រួលពីក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងនឹងជួយគាំទ្រផ្នែកទុន និងបច្ចេកទេស ដើម្បីធានាថា សហគមន៍អាចដំណើរការបានដោយរលូន និងទទួលបានតម្លៃបន្ថែម ព្រមទាំងផលចំណេញខ្ពស់។

ស្វាយចន្ទីជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា៕