មួយខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៤៤៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណជិត២៥ពាន់កន្លែង។នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ។
របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៣៨,២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៣២,៩២% នៃទុនវិនិយោគសរុប។
សូមបញ្ជាក់ផងដែរថា រយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ CDC បានអនុម័តគម្រោងសរុប ៣៩១គម្រោង ដែលមានទុនវិនិយោគជាង ៧.៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង៕