សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែតុលានេះ បានផ្ញើសារជូនពរដល់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ – ២០២៤ (បាក់ឌុប) និងជំរុញខិតខំប្រឹង ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហោះសារដូច្នេះថា៖ «សូមជូនពរក្មួយៗដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៣ – ២០២៤ ទទួលបានជោគជ័យជាស្ថាពរគ្រប់ៗគ្នាសម័យប្រឡង ៖ ៨-៩ តុលា ២០២៤»។
ទន្ទឹមគ្នាជាមួយនឹងសម្តេចធិបតីផងដែរ ងាកមកសម្ដេចតេជោ ហ៊ុន សែន វិញ ក៏បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចកាលថ្ងៃទី៤ ខែធ្នូដែរថា៖ «សូមជូនពរចៅៗដែលនឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃស្អែកនិងខានស្អែកសូមមានសុខភាពល្អនិងមានជោគជ័យ។ ទុកចិត្តលើក្រសួងអប់រំលើលោកគ្រូអ្នកគ្រូលើរដ្ឋបាលគ្រប់ជាន់ថ្នាក់ការពារដល់ចៅៗរាប់ទាំងកូវីដ-១៩ផង»។
គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំបានរៀបចំប្រឡងសញ្ញាបត្របាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និងថ្ងៃទី០៩តុលា ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១៣៧០៤០នាក់ ស្រី៧៤៨៨២នាក់ ចែកជា២៣០មណ្ឌល ត្រូវជា៥៥៣៤បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន៣៩៣៥៨នាក់ ស្រី២៣៧១៥នាក់ មាន៧៣មណ្ឌល ត្រូវជា១៦០៣បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៧៦៨២នាក់ ស្រី៥១១៦៧នាក់ មាន១៥៧មណ្ឌល ត្រូវជា៣៩៣១បន្ទប់។
ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕